(បាត់ដំបង)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំ ប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តទី៦ ក្រោមអធិបតីភាព លោក ងួន រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងបាត់ដំបង។

ពិធីប្រកាសនេះក៏មានការចូលរួមពី លោក ជូ គឹមឡេង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងបាត់ដំបង, ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥, គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងជាច្រើនរូបទៀត។

លោក ងួន រតនៈ បានបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិនេះ មិនមានពាក់ព័ន្ធជាមួយក្រុមការងារផ្សេងៗនោះទេ គឺជួយកិច្ចការមួយចំនួនរបស់រាជរដ្ឋាភិបាល ដោយអាចចុះធ្វើសកម្មភាពរាល់ថ្ងៃក្នុងម៉ោងរដ្ឋបាលបាន ដើម្បីជួយត្រួតពិនិត្យមើល ភាពកង្វះខាត និងសំណូមពររបស់ពលរដ្ឋ ដែលបានជួបប្រទះបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ពិសេសក្រុងបាត់ដំបង ដែលមានសង្កាត់ទាំង១០ផង។

លោកបន្តថា «តួនាទីក្រុមការងារនេះ ក្រៅពីបានអនុវត្តការងាររបស់ខ្លួនហើយ ក្រុមការងារយើង ដែលបានបង្កើតហើយនេះត្រូវចុះធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឲ្យបាននូវរាល់បញ្ហាប្រឈមផ្សេងៗ ទុក្ខកង្វល់ តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនពាក់ព័ន្ធជាមួយការងាររដ្ឋបាលខេត្ត ក្រុងស្រុក ឃុំ សង្កាត់នោះទេ»

លោក ងួន រតនៈ បន្ថែមថា បន្ទាប់ពីបានចុះធ្វើកិច្ចការនេះហើយ ក្រុមការងារក៏ត្រូវជួបប្រជុំផ្ទៃក្នុងដើម្បីដោះស្រាយ និងទទួលលទ្ធផលមកវិញ សម្រាប់ជាបទពិសោធន៍ការងារទាំងអស់គ្នា ដែលជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីឆ្លុះបញ្ចាំងការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕