(កំពង់ធំ)៖ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ បានលើកឡើងថា មន្ត្រីកាកបាទក្រហមដែលកំពុងបម្រើការងារ នៅក្នុងសាខាកាកបាទក្រហមខេត្តកំពង់ធំទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវតម្លាភាព និងធ្វើការងារប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

បើតាមលោក សុខ លូ មន្ត្រីកាកបាទក្រហម ត្រូវប្រឹងប្រែងធ្វើការងារសង្គម ដើម្បីជាការផ្ដល់នូវទំនុកចិត្តដល់សប្បុរសជនទាំងអស់ ដែលខិតខំបរិច្ចាគធនធានផ្ទាល់ខ្លួន មកដល់សាខាកាកបាទក្រហម ជាពិសេសឆ្លើយតបទៅនឹងទឹកចិត្តដ៏មហាសប្បុរស ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកអ្នកក្រីក្រជួបការលំបាក ឬរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំព្រឹកមិញនេះ បានពិភាក្សា និងដំណើរការទៅតាមរបៀបវារៈរបស់ខ្លួនរួមមាន៖ បូកសរុបលទ្ធផលសកម្មភាពការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩, ត្រៀមសម្ពោធអគារសាខាកាកបាទក្រហមខេត្ត នៅចុងខែមិថុនា ឆ្នាំ២០១៩, ត្រៀមការងារសន្និបាតរបស់សាខាកាកបាទក្រហម នៅចុងខែមិថុនា ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ៕