(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៨ ក្នុងទំហំទឹកប្រាក់ជាង ៦, ៧២៩, ៩៨៨ ដុល្លារ ប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច ជាពិសេសផ្តោតសំខាន់លើការជួយទៅដល់កុមារកំព្រារងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។ ការចុះ MoU នេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់លើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់លើការជួយទៅដល់កុមាររងគ្រោះ ងាយរងគ្រោះ និងកុមារខ្វះខាត និងក្រីក្រ នៅទូទាំងប្រទេស។

នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចព្រមព្រៀងខាងលើ មានការអញ្ជើញចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ថ្នាក់ដឹកនាំអង្គការទាំង៨ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។

អង្គការទាំង៨នោះរួមមាន៖

*ទី១៖ អង្គការមូនិធិហ្សានីញេ ហូលីបេប៊ី(រាជធានីភ្នំពេញ និងខេត្តកណ្តាល) មានទឹកប្រាប់ចំនួន ៣៩៨, ៨០០ ដុល្លារ
*ទី២៖ អង្គការ MRRCY Ministries Foundation ( បន្ទាយមានជ័យ) មានទឹកប្រាប់ចំនួន ១១២, ៥៤២ ដុល្លារ
*ទី៣៖ អង្គការជំនួយស័គ្រ្មចិត្តដល់កុមារកម្ពុជា (ខេត្តបាត់ដំបង) មានទឹកប្រាប់ចំនួន ៣១៩, ៩០០ ដុល្លារ
*ទី៤៖ អង្គការសាលាសាធារណៈ និងសង្គមកិច្ចអេលីហ្សាប៊េត(ខេត្តព្រះសីហនុ និងភ្នំពេញ) មានទឹកប្រាប់ចំនួន ៥៥១, ៧០០ ដុល្លារ
*ទី៥៖ អង្គការមូលនិធិអូស្រ្តាលី កម្ពុជា (ខេត្តកណ្តាល) មានទឹកប្រាប់ចំនួន ២,០០៥,០០០ ដុល្លារ
*៦៖ អង្គការតានី-ទស្សនៈវិស័យសំរាប់កុមារកម្ពុជា (ខេត្តកំពត) មានទឹកប្រាប់ចំនួន ២៣៤,០០០ ដុល្លារ
*ទី៧៖ អង្គការសង្រ្គោះជោគវាសនាកម្ពុជា (រាជធានីភ្នំពេញ) មានទឹកប្រាប់ចំនួន ២, ៤០៤, ៨៩១ ដុល្លារ
*ទី៨៖ អង្គការសួននៃក្តីសង្ឃឹមនៅកម្ពុជា (រាជធានីភ្នំពេញ) មានទឹកប្រាប់ចំនួន ៧០៣,១៥៥ ដុល្លារ។

លោក តូច ចាន់នី តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។

ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើ បាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង៨ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើសកម្មភាពជួយដល់កុមារ និងយុវជនក្រីក្រនៅកម្ពុជា។ គោលបំណងសំខាន់របស់អង្គការទាំង៨ ដែលបានសហការជាមួយក្រសួងសង្គមកិច្ចនាពេលនេះ គឺដើម្បីលើកកម្ពស់ការរស់នៅរបស់កុមារនៅកម្ពុជា៕