(ភ្នំពេញ)៖ គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី០៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សនយោបាយចំនួន០៦ បានបន្តធ្វើសកម្មភាពរបស់ខ្លួន ខណៈដែលស្ថានភាពទូទៅនៃយុទ្ធនាការនេះ បានដំណើរការដោយរលូនគ្មានអំពើហិង្សា។

សេចក្តីប្រកាសព័ត៌មាន គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ថ្ងៃទី៧ នៃការឃោសនារកសំឡេងឆ្នោត មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក -ខណ្ឌ ក្នុងនោះមានគណបក្សនយោបាយ១ប៉ុណ្ណោះ បានហែក្បួនឃោសនាគឺគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនា នៅខេត្តស្ទឹងត្រែង ដោយហែចេញ ពីទីរួមស្រុកទាំង៦ ឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សខេត្ត និងជួបប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ អង្គបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយនៅតាមទីស្នាក់ការ បក្សក្នុងរាជធានី-ខេត្ត ចំនួន១៧ រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង មណ្ឌលគិរី ពោធិ៍សាត់ ព្រះវិហារ តាកែវ រតនគិរី ត្បូងឃ្មុំ សៀមរាប ឧត្តរមានជ័យ ព្រះសីហនុ ប៉ៃលិន កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង ក្រចេះ និងខេត្តព្រៃវែង ដោយមានអ្នកចូលរួមសរុប ៤,៤២១នាក់ រថយន្ត ១១៧គ្រឿង និងម៉ូតូ ៧២គ្រឿង។

* រីឯគណបក្សនយោបាយចំនួន៥ទៀត បានធ្វើសកម្មភាពដូចខាងក្រោម៖

ទី១៖ គណបក្សសញ្ជាតិកម្ពុជា ធ្វើសកម្មភាពជួបជុំជាមួយអង្គបោះឆ្នោតនៅទីស្នាក់ការបក្សខេត្តតាកែវ ដោយមានអ្នកចូលរួមសរុប១៨នាក់។
ទី២៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។
ទី៣៖ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រូចល័ត នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ១០នាក់ រថយន្ត ១គ្រឿង និងម៉ូតូ ៧គ្រឿង។
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំសមាជិកក្រុមប្រឹក្សាសង្កាត់ស្នោរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
និងទី៥៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបសមាជិក សមាជិកា និងអង្គបោះឆ្នោត ផ្សព្វផ្សាយ គោលនយោបាយ នៅស្រុកស្នួល ខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ១៥នាក់។

ដោយឡែកគណបក្សខ្មែរសាធារណរដ្ឋ មិនមានសកម្មភាពឃោសនាជាសាធារណៈទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់បន្ថែម។

បើតាម គ.ជ.ប បរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី៧នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕