(ភ្នំពេញ)៖ កិច្ចពិភាក្សារវាង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយក្រសួងរ៉ែ និងថាមពល ហើយនិងអគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបិទបញ្ចប់ជាមួយនឹងលទ្ធផលមិនទាន់គាប់ប្រសើរនោះទេ។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងថា ការបំភ្លឺរបស់ស្ថាប័នទាំងពីរ មិនទាន់ចំគោលដៅដែលឆ្លើយតបទៅនឹងសំណួររបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅឡើយ។

លោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះថា ដំណើរការជជែកពិភាក្សាគ្នាពេញមួយព្រឹករវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយក្រសួងរ៉ែ និងថាមពល ហើយនិងអគ្គិសនីកម្ពុជា បានអនុវត្តយ៉ាងផុសផុល ប៉ុន្តែឆ្លើយមិនទាន់ចំសាច់រឿងដែលសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចោទសួរនៅឡើយទេ។

លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណើរការ គឺយើងបានពិភាក្សាយ៉ាងផុសផុល ដោយអនុវត្តតាមរបៀបវារៈ ការជជែកគ្នាគឺសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកចំៗ ដោយផ្តោតទៅលើបញ្ហាអសកម្ម ភាពមិនប្រក្រតីនៅក្នុងការងារគ្រប់គ្រង រ៉ែ និងធនធានធម្មជាតិ ក៏ដូចជាខ្សាច់ រឿងអគ្គិសនី ដែលផ្តោតសំខាន់ទៅលើបរិបទជាក់ស្តែងតែម្តង ហើយក្រសួងរ៉ែ និងថាមពល មានពេលវេលា ក្នុងការបង្ហាញអំពីសមិទ្ធផលក្រសួង ហើយក៏មានពេលវេលាការឆ្លើយតបទៅនឹងការផ្តល់យោបល់ ឬអំពីចំណុចមួយចំនួនដែលពួកគាត់យល់ ឃើញថាមិនប្រក្រតី បញ្ហាមិនប្រក្រតីនេះ គឺខាងក្រសួងឆ្លើយ មិនទាន់ចំសាច់រឿងច្រើននោះទេ គឺខាងក្រសួងលើកតែរឿងទូទៅច្រើនជាង ឯខាងឧត្តមក្រុមប្រឹក្សាគេផ្តោតទៅលើរឿងមិនប្រក្រតីច្រើនជាង នេះជាចំណុចឃ្វាងគ្នាតែប៉ុណ្ណឹងទេ»។

លោកបានបន្តថា ភាគីខាងក្រសួងផ្តោតសំខាន់តែរឿងទូទៅច្រើនជាង ដែលផ្ទុយទៅនឹងអ្វីដែលឧត្តមក្រុមប្រឹក្សាបានលើកឡើង ពីភាពមិនប្រក្រតីនៅសំណុំរឿងបញ្ហាធនធានរ៉ែធម្មជាតិ ដូចជាបញ្ហាបូមខ្សាច់ បញ្ហាអគ្គិសនី នៅពេលបច្ចុប្បន្ននេះ កំពុងតែក្តៅគគុកនោះ ដែលធ្វើឱ្យកិច្ចប្រជុំឃ្វាងគ្នាបន្តិចបន្តួចលើចំណុចនេះតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដំណើរការនៃកិច្ចប្រជុំ គឺបានប្រព្រឹត្តឡើងដោយរលូនផងដែរ។

ចំណែកលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ចំពោះការចោទជាសំណួរទៅក្រសួងរ៉ែ និងថាមពល គឺលោកបានសួរសំណួរដែលមានលក្ខណៈបច្ចេកទេសផង និងមិនមែនសមត្ថកិច្ចរបស់ក្រសួងផង និងលក្ខណៈមិនច្បាស់លាស់ផង ដូច្នេះ សម្រាប់ការឆ្លើយរបស់ក្រសួងមានត្រូវចំណុចខ្លះ និងខុសខ្លះផងដែរ។

លោកបានបន្តថា ភាគីខាងក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ថា សម្រាប់ការប្រគល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន ទ្រី ភាព ដើម្បីមានសិទ្ធិស្តារបាតទន្លេនោះ គឺខាងក្រសួងរ៉ែ និងថាមពល មិនមានសមត្ថកិច្ចលើរឿងនេះនោះទេ ក៏ប៉ុន្តែសម្រាប់ការដឹកខ្សាច់ចេញ គឺត្រូវស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួង។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃកិច្ចពិភាក្សានៅព្រឹកមិញនេះ គឺជាកិច្ចប្រជុំលើកទីមួយ រវាងក្រសួងរ៉ែ និងថាមពល ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានការយល់គ្នាតិចតួច មានន័យថា ការឯកភាពគ្នាបានតែ៥០ភាគរយ តែប៉ុណ្ណោះ រីឯ៥០ភាគរយទៀត គឺមានភាពចម្រុងចម្រាស់ ដោយភាគីខាងក្រសួងឆ្លើយមិនចំនឹងសំណួរ បង្វែរសំណួរ ព្រមទាំងមិនទទួលស្គាល់នូវអ្វីដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានលើកឡើង៕