(ភ្នំពេញ)៖ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីតាមស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ដកហូតថ្នាំញៀន១កញ្ចប់ ឧបករណ៍បម្រើឲ្យការជក់ និងពិនិត្យទឹកនោម។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការតាមស៉ើបអង្កេតបង្ក្រាបជនសង្ស័យរឿងជួញដូរ និងប្រើប្រាស់ថ្នាំញៀន ទាំង២នាក់នេះ គឺអនុវត្តឡើងដោយកម្លាំងនគរបាលទួលសង្កែទី១ និងប៉ុស្ដិ៍ឫស្សីកែវ ក្នុង២គោលដៅផ្សេងគ្នា ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុមទី៨ ភូមិចុងខ្សាច់ និងនៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ តាំងពីថ្ងៃរហូត ដល់រាត្រីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

លោកអធិការថា ជនសង្ស័យពាក់ព័ន្ធជួញដូរថ្នាំញៀនមាន ឈ្មោះ ផុន ចាន់រស្មី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតពាក់ព័ន្ធប្រើប្រាស់ថ្នាំញៀនមាន ឈ្មោះ មិន រតនា អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបពួកគេដកហូតបានថ្នាំញៀន សម្ភារប្រើប្រាស់ និងការពិនិត្យទឹកនោម ឃើញមានសារធាតុញៀន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕