(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះបញ្ជាក់ថា ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន ៦៣,៤៥៣តោន កើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

របាយការណ៍បន្ដថា សម្រាប់តម្លៃជាមធ្យមរបស់ជ័រកៅស៊ូនៅ៤ខែដំបូងនេះ មានតម្លៃ១,៣០០ដុល្លារក្នុង១តោន បានធ្លាក់ចុះ១០%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជាទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៤ខែ មានជាង៨២លានដុល្លារ។

តម្លៃជ័រកៅស៊ូនាពេលបច្ចុប្បន្ន មិនទាន់អាចឲ្យឧស្សាហកម្មនេះ មានផលចំណេញបានឡើយ ដោយសារតម្លៃធ្លាក់ចុះច្រើន។ តម្លៃជ័រកៅស៊ូ គឺអាស្រ័យលើទីផ្សារអន្តរជាតិ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហា។ បើតម្លៃជ័រកៅស៊ូនៅតែបន្តធ្លាក់ចុះនោះ នឹងផ្តល់វិបាក សម្រាប់ឧស្សាហកម្មកៅស៊ូ និងកសិករ ខណៈការចំណាយសម្រាប់ពលកម្មក្នុងវិស័យនេះនៅតែជាបញ្ហាប្រឈម។

សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕