(ភ្នំពេញ)៖ ក្រោយទទួលបានភាពជោគជ័យខ្លាំង លើសពីការរំពឹងទុក លើការបើកក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី លក់គ្រឿងសំអាងម៉ាក N.N.P នាំចូលពីប្រទេសថៃ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានពង្រីកខ្លួន ដោយបើកហាងលក់គ្រឿងអលង្ការថ្មីមួយទៀត (ហាងលក់មាស ពេជ្រ និងប្លាទីន)។

ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើលងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យលោកស្រីចាំមិនភ្លេចរហូតមកដល់ពេលនេះ។ ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យលោកស្រី ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត។

ថ្លែងនៅក្នុងថ្ងៃបើកសម្ពាធហាង «ដាណាលក់គ្រឿអលង្ការ» លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី បានរៀបរាប់ថា «ក្ដីស្រមៃដ៏ធំរបស់ខ្ញុំ ពេលនេះបានសម្រេចហើយ ក៏ព្រោះតែការមើលងាយ និងពាក្យមួយឃ្លាដែលខ្ញុំចាំមិនភ្លេចតាំងពីតូចមក។ នៅចាំបានថា កាលនៅក្មេងៗ ខ្ញុំលក់ឥវ៉ាន់នៅតាមផ្សារ ខ្ញុំឃើញគេពាក់មាស ពេជ្រ ខ្ញុំពិតជាស្រឡាញ់ណាស់ ហើយសង្ឃឹមថាថ្ងៃណាមួយ អាចមានរបស់ទាំងអស់នេះពាក់លើខ្លួនដូចគេដែរ។ថ្ងៃមួយ ពេលចេញពីលក់ឥវ៉ាន់មក ខ្ញុំទៅឈរសម្លឹងទូដែលគេដាក់តាំងគ្រឿងមាស ពេជ្រ នៅម្ដុំផ្សារព្រែកព្នៅនេះ ព្រោះគ្រាន់តែឃើញក៏សប្បាយចិត្តដែរ។ ហេតុតែយើងក្រ គ្រាន់តែឈរមើលបានមួយភ្លែតសោះ ស្រាប់តែម្ចាស់ហាងគេ ចេញមកដេញខ្ញុំ ព្រោះឃើញខ្ញុំខោមិនខោ អាវមិនអាវ។ ម្ចាស់ស្រីមាត់ឆៅនោះ គាត់និយាយដាក់ខ្ញុំថា៖ "លក់ដូរមិនទៅលក់ មកមើលហ្នឹងមានលុយណាទិញ ថ្លៃៗណាស់ កុំនៅទើសគេ"។ ខ្ញុំស្តាប់ហើយ ឈឺចាប់ណាស់ មិនដឹងគាត់និយាយលេង ឬនិយាយមែនទេ តែក៏មិនខឹងគាត់ដែរ ព្រោះដឹងថាខ្លួនឯងពេលនោះ ពិតជាគ្មានសមត្ថភាពមែន គ្រាន់តែគិតក្នុងចិត្តថា កំណាញ់ម្ល៉េះមើលផងមិនបាន។ តាំងពីពេលនោះមក ខ្ញុំក៏មានក្តីស្រមៃធំជាងមុនថា នឹងបើកហាងលក់មាសពេជ្រ ឱ្យបាន មិនមែនត្រឹមតែពាក់នោះទេ។ ពិតជាគិតឆ្កួតៗពេកហើយ ព្រោះកាលនោះគ្មានលុយជាប់ខ្លួនសោះ ទិញមួយជីក៏មិនបានផងហ្នឹង ហ៊ានស្រមៃដល់បើកហាងមាសពេជ្រ»

បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា ក៏បានចែករំលែកបទពិសោធន៍ជីវិត ក្នុងការពុះពារគ្រប់ឧបសគ្គថា «ការប្រឹងប្រែងរបស់ខ្ញុំ នៅតែមានជានិច្ច គឺខ្ញុំបានយកលុយសល់បន្តិចបន្តួចជាប់ខ្លួន មកប្រើជាដើមទុនទិញផលិតផលគ្រឿងសម្អាងលក់កាលឆ្នាំ២០១២។ ពេលខ្ញុំលក់នោះ គេមិនទាន់ផ្អើលរឿងគ្រឿងសម្អាងបែបនេះទេ ទើបធ្វើឱ្យទីផ្សាររីកលឿន ហើយខ្ញុំក៏បានស៊ើបរឿងយកគ្រឿងសម្អាងពីថៃមកលក់។ បន្ទាប់មក ក៏ចាប់ផ្តើមស្គាល់គេច្រើន និងនាំចូលកាន់តែច្រើន រហូតបើកក្រុមហ៊ុននាំចូល និងចែកចាយគ្រឿងសម្អាងក្នុងឆ្នាំ២០១៨។ នេះចាត់ទុកថា ជោគជ័យណាស់ហើយ តែមិនភ្លេចអារឿងគេមើលងាយ ចង់បើកហាងមាសពេជ្រ»។

ស្ត្រីជំនួញដ៏ជោគជ័យរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទោះរវល់ជាមួយក្រុមហ៊ុនគ្រឿងសម្អាងមែន តែលោកស្រី នៅតែសម្រេចក្តីស្រមៃមួយនេះឱ្យបាន គឺបើកហាងលក់មាស ពេជ្រ។ លោកស្រី បានលើកឡើងថា គិតសព្វៗទៅ ពិតជានឹកស្មានមិនដល់ ប៉ុន្តែការប្រឹងប្រែងមិនអត់ប្រយោជន៍នោះទេ។

គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់មកទិញគ្រឿងអលង្ការ និងមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុន និងហាងលក់គ្រឿងអលង្ការដោយផ្ទាល់ ដែលមានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕