(ភ្នំពេញ)៖ ការធ្លាយរឿងអាស្រូវរបស់អតីតមេបក្សប្រឆាំង នៅអូទ្រីស ដែលបានលួចទាក់ទងជាមួយបរទេស ឲ្យជួយគណបក្សខ្លួនរហូតដល់ទទួលបានសម្លេងគាំទ្រក្នុងការបោះឆ្នោត និងបានចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះរហូតដល់សព្វថ្ងៃ និងការធ្លាយរឿងអាស្រូវរបស់លោកកឹម សុខា អតីតមេបក្សប្រឆាំង ក្នុងការទទួលយកផែនការពីបរទេសមករៀបចំធ្វើការផ្ដួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តពណ៌នៅកម្ពុជា គឺដូចគ្នាបេះបិត។

ចំណាត់ការរបស់រដ្ឋាភិបាលអូទ្រីស ប្រឆាំងនឹងទង្វើក្បត់ជាតិរបស់សម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលចម្រុះរបស់ខ្លួន ទទួលបានការសាទរគាំទ្ររហូតដល់មេដឹកនាំប្រទេសខ្លះលើកយករឿងអាស្រូវនៅប្រទេសអូទ្រីសនេះទៅក្រើនរំលឹកដល់អ្នកនយោបាយនៅក្នុងប្រទេសរបស់ខ្លួនទៀតផង តែសំរាប់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអ្នកនយោបាយក្បត់ជាតិដូចគ្នាវិញ បែរជាប្រទេសមួយចំនួនជាសមាជិកអឺរ៉ុបផងដែរ នាំគ្នាថ្កោលទោសមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តតាមច្បាប់ទៅវិញ រហូតដល់សហភាពអឺរ៉ុបគំរាមព្យួរការអនុគ្រោះពន្ធ EBA មកលើកម្ពុជាទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ វីដេអូមួយត្រូវបានទម្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ ៣ខែមុនការបោះឆ្នោតរបស់ប្រទេសអូទ្រីស កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេគណបក្សស្តាំជាតិនិយមជ្រុល ដែលកាលណោះនៅជាមេបក្សប្រឆាំងនៅប្រទេសអូទ្រីស បាននិយាយនៅពេលផឹកស្រាទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ក្មួយស្រីមហាសេដ្ឋីនៅរុស្ស៊ី និងអះអាងថា ខ្លួនជាមនុស្សស្និទ្ធនឹងអ្នកមានអំណាចនៅរុស្ស៊ី។

មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះក៏បានសន្យាជាមួយស្ត្រីនោះថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី បើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយ ជ្រោមជ្រែងឲ្យបក្សរបស់លោកបានឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះមេបក្សរូបនេះក៏បាន លើកឡើងអំពីយុទ្ធសាស្ត្រវាយលុក និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មាន ដោយយកគំរូដូចនៅហុងគ្រី។

ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache ដែលក្រោយបោះឆ្នោតបានទទួលសម្លេងឆ្នោតចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះ ហើយលោកទទួលបានតំណែងជាអនុអធិការបតីនោះ ក៏បានបង្ខំចិត្តលាលែងចេញពីតំណែង និងបន្តបន្ទាប់សមាជិកមកពីបក្សរបស់លោកក៏បានលាលែង ចេញពីតំណែងរដ្ឋមន្ត្រីនានាទាំងអស់ ហើយចំណាត់ការផ្លូវច្បាប់ពីបទក្បត់ជាតិរបស់រដ្ឋាភិបាលអូទ្រីសទៅលើមេដឹកនាំគណបក្សស្ដាំជាតិនិយមជ្រុលរូបនេះក៏នឹង ដំណើរការទៅមុខដោយមិនអាចលើកលែងនោះឡើយ។

ចំណែកបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អូទ្រីស និងប្រទេសបិតាប្រជាធិបតេយ្យនានានៅលើពិភពលោក រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រទេសណាមួយ ថ្កោលទោសទៅលើរដ្ឋាភិបាលប្រទេសអូទ្រីសនោះឡើយ មិនតែប៉ុណ្ណោះ សូម្បីតែប្រទេសអាឡឺម៉ង់ដែលគេចាត់ទុកជាប្រទេសបងធំរបស់អឺរ៉ុប ក៏លោកស្រី ម៉ាគែរ ដែលជាអធិកាបតីនោះ បានលើកយករឿងអាស្រូវនយោបាយនៅប្រទេសអូទ្រីសនេះ មកក្រើនរំលឹកដល់អ្នកនយោបាយរបស់ប្រទេសខ្លួន និងប្រទេសដ៏ទៃទៀតត្រូវតែជៀសឲ្យឆ្ងាយពីរឿងអាស្រូវនេះផងដែរ។

ដោយឡែកករណីធ្លាយវីដេអូរបស់លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា និយាយពីផែនការ និងគម្រោងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តាមរបៀបធ្វើបដិវត្តពណ៌ដូចនៅប្រទេសសែរប៊ី យូហ្គោស្លាវី ដោយសហការ និងទទួលយកផែនការពីបរទេសនោះ ក៏មិនខុសពីសកម្មភាពរបស់អតីតអ្នកនយោបាយប្រឆាំង នៅប្រទេសអូទ្រីសនោះឡើយ។ លោកកឹម សុខា បាននិយាយពីការសហការ និងទទួលយកផែនការពីបរទេសមកផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជានេះ គឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ហើយនៅដើមខែមករា ឆ្នាំ២០១៤ គឺមិនដល់១ខែផង លោកបាននិយាយញុះញង់កម្មករនៅផ្លូវវែងស្រេងធ្វើកុបកម្មបង្ហូរឈាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ និងទ្រព្យសម្បត្តិឯកជនអស់ជាច្រើន ហើយករណីនេះកាលណោះ ប្រសិនបើរាជរដ្ឋាភិបាលមិនដឹងផែនការមុន និងទប់ស្កាត់បានទាន់ពេលវេលាទេ ភាពវឹកវរបង្ករចលាចលសង្គមដោយអ្នកនយោបាយទុច្ចរិតសហការជាមួយបរទេស អាចនឹងឈានទៅរកសង្គ្រាមស៊ីវិលពេញផ្ទៃប្រទេសជាមិនខានឡើយ។

ដូច្នេះចំណាត់ការរបស់រាជរដ្ឋាភិបាល នៃបណ្ដាប្រទេសនានាទៅលើអ្នកប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិខ្លួនឯង គឺជារឿងត្រឹមត្រូវតាមច្បាប់ និងត្រូវតែអនុវត្តដោយមិនលើកលែងនោះឡើយ។ ចុះហេតុអ្វីពេលដែលប្រទេសកម្ពុជាអនុវត្តតាមច្បាប់ សហភាពអឺរ៉ុបចោទថា កម្ពុជារំលោភសិទ្ធិមនុស្ស រុកគួនបក្សប្រឆាំង ចុះពេលដែលករណីដូចគ្នានេះកើតឡើងនៅប្រទេសដែលជាសមាជិករបស់ខ្លួនវិញ ហេតុអ្វីក៏សហភាពអឺរ៉ុប មិនចោទថា រំលោភសិទ្ធិមនុស្ស រុកគួនដៃគូសម្ព័ន្ធមិត្តដែលអតីតជាបក្សប្រឆាំង ផងដែរទៅ ឬមួយសហភាពអឺរ៉ុបអនុវត្តច្បាប់តាមបែបស្តង់ដារមានពីរឬ ?។

ពាក់ព័ន្ធរឿងអាស្រូវនយោបាយដ៏រសើបនៅប្រទេសអូទ្រីសនេះ យើងអាចបញ្ជាក់បានថា សហភាពអឺរ៉ុប ពិតជាអយុត្តិធម៌ចំពោះកម្ពុជាណាស់៕

ដោយ៖ អ្នកតាមដាននយោបាយនៅកម្ពុជា