(អូទ្រីស)៖ អនុអធិការបតីអូទ្រីស និងជាមេដឹកនាំគណបក្សស្ដាំនិយមជ្រុល សេរីនិយម (FPÖ or Freedom Party) លោក Heinz-Christian Strache បានប្រកាស លាលែងចេញពីតំណែងកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវក្បត់ជាតិជាមួយប្រទេសរុស្ស៊ី តាមរយៈក្មួយស្រីមហាសេដ្ឋីរុស្ស៊ីម្នាក់ កាលពីខែកក្កដា ឆ្នាំ២០១៧ ពោលមុនការបោះឆ្នោតនៅអូទ្រីស​ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

* លោក Strache គឺជានរណា?

លោក Strache កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៦៩ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស។ អ្នកនយោបាយ ស្ដាំនិយមជ្រុលរូបនេះធ្លាប់បម្រើការងារជាពេទ្យធ្មេញ រហូតដល់ក្លាយជាសមាជិកសភា អតីតសមាជិកក្រុមប្រឹក្សា ទីក្រុងវីយ្យែន និងចុងក្រោយកា្លយជាប្រធានគណបក្សសេរីនិយម (FPÖ) នៅឆ្នាំ២០០៥។

លោក Strache បានចូលប្រឡូកក្នុងឆាកនយោបាយចាប់តាំងពីឆ្នាំ១៩៩១។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ គណបក្ស FPÖ ទទួលបានសម្លេងក្នុងការបោះឆ្នោតសកល ចំនួន២៦ភាគរយ ស្មើ ៥១អសនៈ ហើយក្រោយមកទៀត ទើបលោកបានក្លាយជាអនុអធិការធិបតី តាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនអូទ្រីស (
Austrian People's Party) របស់អធិការបតីអូទ្រីស លោក Sebastian Kurz ដែលបានទទួលជ័យជំនះ ៣១,៥% ស្មើ ៦២អសនៈ។

បន្ថែមពីលើនេះ លោក Strache ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរតាមរយៈវោហាស័ព្ទប្រឆាំង ជនអន្តោប្រវេសន៍ ដែលលោកផ្ទាល់ចាត់ទុកថាជា «ហ្វូងសត្វកណ្ដុរ»

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache) ដែលរឿងអាស្រូវនេះពាក់ព័ន្ធនឹងសុំពឹងឲ្យរុស្ស៊ី ជួយឲ្យគណបក្សខ្លួន បានឈ្នះលើការបោះឆ្នោត ជាថ្នូរនឹងបើកដៃឲ្យរុស្ស៊ីចូលរកស៊ីនៅអូទ្រីស។

វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺតែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតមកដល់។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា អ្នកវិនិយោគ និងជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។

បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីម្នាក់ខាងលើដដែល បានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគ ប្រាក់២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មានអូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ ការបោះឆ្នោតនៅពេលខាងមុខ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថា គឺជាការដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពី រដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាចបិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។

ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែង ទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាននាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People's Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។ តែយ៉ាងយ៉ាងណា លោក Strache មិនបានទទួលស្គាល់ ថាលោកបានប្រព្រឹត្តបទល្មើសណាមួយនោះទេ។

តាមរយៈបទពិសោធនៅប្រទេសអូទ្រីសពេលនេះបានបង្ហាញថា កម្ពុជាបានដើរលើផ្លូវត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការជ្រៀតជ្រែករបស់បរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា និងបានធ្វើឱ្យបដិវត្តន៍ពណ៌ដែលមានសហរដ្ឋអាមេរិកគាំទ្រ និងតែងតែទទួលជ័យជម្នះនៅក្នុង ការអនុវត្តនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងនៅមជ្ឈឹមបូព៌ា ឥឡូវនេះបានស្គាល់នូវបរាជ័យយ៉ាងអាម៉ាស់។

តាមអ្វីដែលបាននិងកំពុងតែកើតនៅក្នុងប្រទេសអូទ្រីសនិយាយដោយឡែក និងនិយាយជារួមក្នុងសហភាពអឺរ៉ុបបានបង្ហាញថា សហភាពអឺរ៉ុបបានក្លាយខ្លួនជា «គីង្គក់លក់ថ្នាំស្រែង» នៅក្នុងសំណុំរឿងឃុបឃិតជាមួយបរទេស និងជាការអនុវត្តនូវស្តង់ដារពីរចំពោះកម្ពុជា។ កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវឡើយគឺ ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ និងមិនយកអធិបតេយ្យភាព និងឯករាជភាពជាតិដូរជាមួយជំនួយ ឬជាថ្នូរនឹងអ្វីមួយឡើយ។ កម្ពុជាធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន!៕