(ភ្នំពេញ)៖ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំនៅកម្ពុជា តាមរយៈការបញ្ជូនសិស្សសាលាទៅបរទេសនានា ដែលមានការជឿនលឿនលើវិស័យអប់រំនោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ សាលារៀន «អន្តរជាតិទ្រូវីហ្សិនកម្ពុជា» បានបញ្ជូនសិស្សានុសិស្សរបស់ខ្លួនចំនួន ១៧រូប ទៅចូលរួមការផ្លាស់ប្តូរការសិក្សានៅប្រទេសសិង្ហបុរី រយៈពេលមួយសប្តាហ៍។

នៅក្នុងឱកាសនោះដែរលោកគ្រូ សេង បូណា ដែលជាស្ថាបនិក និងជាអគ្គនាយក នៃសាលារៀនអន្តរជាតិ «ទ្រូវីហ្សិនកម្ពុជា» បានថ្លែងថា ការដឹកនាំសិស្សានុសិស្ស ទៅទស្សនកិច្ចសិក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នានៅប្រទេសសិង្ហបុរី តាមគោលការណ៍នៃប្រព័ន្ធគ្រប់គ្រង ក្នុងការអប់រំបែបអន្តរជាតិ ថ្នាក់ដឹកនាំរបស់សាលារៀន អន្តរជាតិទ្រូវីហ្សិនកម្ពុជា តែងតែគិតគូជាចម្បងទៅលើសីលធម៌ គុណធម៌ និងជាពិសេសគុណភាពនៃវិស័យអប់រំ។

សាលារៀន «អន្តរជាតិទ្រូវីហ្សិនកម្ពុជា» បានបង្កើតឡើងនូវកម្មវិធីសិក្សា ជាច្រើនដែលមានលក្ខណៈដូចជាទី១៖ កម្មវិធីសិក្សាតាមកម្រិតជាតិ និងទី២៖ កម្មវិធីសិក្សាតាមកម្រិតអន្តរជាតិ។

លោកគ្រូ សេង បូណា បានបន្តថា សាលារបស់លោកបានបែងចែកតាមផ្នែកដូចជា៖ កម្មវិធីសិក្សាតាមកម្រិតជាតិៈ សិក្សាជាភាសាខ្មែរ ដោយអនុវត្តតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា កម្ពុជា។ ទន្ទឹមនឹងនេះផងដែរ សិស្សានុសិស្សរបានសិក្សាជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យត្រឹមត្រូវដែលអាចធ្វើឱ្យសិស្សានុសិស្ស ងាយយល់ក្នុងកម្មវិធីសិក្សាភាសាជាតិ និងកម្មវិធីសិក្សាតាមកម្រិតអន្តរជាតិៈ សិក្សាជាភាសាអង់គ្លេសជាមួយគ្រូជនជាតិដើម ដែលមានបទពិសោធន៍យូរឆ្នាំ និងមានគរុកោសល្យ ក្នុងការបង្រៀនត្រឹមត្រូវ។

លោកគ្រូបានបញ្ជាក់ថា លើសពីនេះទៅទៀតកម្មវិធីសិក្សាលក្ខណៈអន្តរជាតិនេះ គឺស្របគ្នាជាមួយនិងកម្មវិធីសិក្សារបស់សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, កាណាដា, ញូហ្សេឡែន, អូស្រ្ដាលី និងប្រទេសសិង្ហបុរី ដោយមានកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់ជាមួយគ្នា លើការផ្លាស់ប្តូរកម្មវិធីសិក្សារបស់សិស្សានុសិស្ស។

ម្យ៉ាងវិញទៀតចំណុចពិសេស នៅពេលដែលសិស្សានុសិស្សរបស់យើងចង់ផ្ទេរការសិក្សាចេញ ទៅប្រទេសទាំងនោះ គឺបានដោយគ្មានបញ្ហា និងមិនខាតឆ្នាំសិក្សាទៀតផង។ លើសពីនេះទៅទៀតសាលាមានបន្ថែម នូវកម្មវិធីសិក្សាជាភាសាចិន ផងដែរ។ ដោយមើលឃើញពីការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័សឥតឈប់ឈរ របស់ប្រទេសជាតិក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាល។

គណៈគ្រប់គ្រប់គ្រងនៃសាលារៀន «អន្តរជាតិទ្រូវីហ្សិនកម្ពុជា» បានបន្ថែមនូវថ្នាក់បំណិនជីវិតមានដូចជា៖ ថ្នាក់កុំព្យូទ័រ ថ្នាក់ហែលទឹក និងថ្នាក់តន្រ្ដី ជាពិសេសក្នុងនោះមានកម្មវិធី ការនិយាយជាសាធារណៈ និងកម្មវិធីតស៊ូមតិដែលជាចម្បង គឺពង្រឹងសមត្ថភាពក្នុងការជជែក លើការងារអ្វីមួយក៏ដូចជាផ្ដល់ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង។

ជាមួយគ្នានេះអាណាព្យាបាលរបស់សិស្សានុសិស្សដែលត្រូវបញ្ជូនទៅចូលរួមការផ្លាស់ប្តូរការសិក្សានៅប្រទេសសិង្ហបុរី បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ដល់សាលាដែលព្យាយាមសហការជាសាលាបរទេសនានា ដើម្បីផ្តល់ឱកាសដល់កូន របស់ពួកគាត់បានចេញទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅបរទេសដូចពេលនេះ៕