(អូទ្រីស)៖ រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) នៅក្នុងសប្ដាហ៍នេះ បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ក្រោយរដ្ឋមន្ត្រីមហាផ្ទៃមកពីបក្សមួយនេះ គឺលោក ហ៊ឺប៊ឺត ឃីក (Herbert Kickl) ត្រូវបានបណ្ដេញចេញពីតំណែង តាមសំណើរបស់អធិការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz)។ ការលាលែងពីតំណែងជាកញ្ចប់នេះបាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People's Party របស់លោក Kurz។

* ដើមហេតុនៃវិបត្តិ

កាលពីថ្ងៃសុក្រសប្ដាហ៍មុនសារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញ ផ្សាយនូវវីដេអូដ៏អាស្រូវសំខាន់មួយពាក់ព័ន្ធនឹងអនុអធិការបតី អូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache) ដែលទើបឲ្យបង្ខំចិត្តលាលែងពីតំណែង។

វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេសអេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។

បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មានអូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថា គឺជាការដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នាផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះ ចង់ប្រើប្រាស់ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុង ប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache ។

* ប្រតិកម្មរបស់លោក Strache

នៅក្នុងលិខិតលាលែងចេញពីតំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អធិការបតីរងអូទ្រីស លោក Strache បានចាត់ទុកថា វីដេអូដែលបែកធ្លាយគឺជាយុទ្ធនាការប្រឆាំងនឹងរូបលោក ប៉ុណ្ណោះ ហើយលោកក៏មិនបានទទួលស្គាល់ចំៗថា បានប្រព្រឹត្តបទល្មើសណាមួយនោះដែរ។

គួរបញ្ជាក់ថា អធិការបតីអូទ្រីស លោក Sebastian Kurz បានចោទប្រកាន់គណបក្ស FPÖ ថា កំពុងព្យាយាមបំផ្លាញកំណែងទម្រង់របស់លោក ហើយលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិ នៅខែកញ្ញាខាងមុខនេះ។

ប្រតិកម្មទៅនឹងបញ្ហានេះលោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងកុំឲ្យលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។ រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនគឺជារឿង រសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅ ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។

នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួន ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោស អ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ៕