(ព្រៃវែង)៖ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង មិនសូវគេស្គាល់ទេ តែរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកគោលដៅទីនេះ ប្រែក្លាយជាតំបន់នាំចេញបន្លែអរកានិច (បន្លែសរីរាង្គ ) តាមរយៈការចុះបង្រៀន ពីវិធីដាំទទួលបានជោគជ័យ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នេះរីកចម្រើនគួរគត់សម្គាល់។

កសិករវ័យក្មេងម្នាក់ ដែលប្រកបរបរដាំបន្លែ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែងឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះថា មុខផ្ទះរបស់គាត់ពីមុនទុកចោល តែឥឡូវបានវាំងស្បៃមុងជុំវិញ ធ្វើថ្នាលបណ្តុះកូនស្ពៃ កូនសាឡាត់ បណ្តើរៗហើយ ដោយសារទីនេះ មានអ្នកបច្ចេកទេស មកបង្រៀន មិនខ្លាចដាំទៅលូតលាស់មិនល្អនោះទេ ម៉្យាងទៀតពេលដាំបាន មានអ្នកប្រមូលទិញដល់ផ្ទះតែម្តង ហើយតម្លៃគូរសម។

ប្រជាកសិកររូបនេះបានបន្តថា មុនមានការព្រួយបារម្ភចំពោះអាកាសធាតុក្តៅហួតហែង ធ្វើឱ្យការដំណាំមិនទទួលបានជោគជ័យ តាមរយៈបច្ចេកទេស បើក្តៅត្រូវគ្រប ស្រោចទឹក តាមទុយោបង្វិល ឱ្យទឹកសាចដូចភ្លៀងធ្លាក់ ប្រើប្រាស់ជីធម្មជាតិ មានជំនួយពីរមន្ទីរកសិកម្មខេត្ត ធ្វើពោងទឹក ស៊ីទែនទឹក បូមទឹកស្វ័យប្រវត្តិឡើងលើនឹងទម្លាក់មកវិញ ស្រោចស្រពលើដំណាំ វាបានបង្ហាញថា អាជ្ញាធរ មន្ត្រីជំនាញនៅជិតបំផុតតាមជួយ ហើយទីផ្សារក៏គៀកទៀតនោះជាកម្លាំងចិត្តដ៏សំខាន់ក្នុងការដាំបន្លែទាំងនេះ។

កសិករបន្តទៀតថា មុនពេលទទួលបានបច្ចេកទេសដាំហូបស្ទើមិនបាន តែពេលនេះ ខុសពីមុនហើយ ហើយបន្លែនេះធានាថាសុទ្ធល្អ ជាបន្លែគ្មានសារជាតិពុល ជាបន្លែអរកានិច ខណៈបន្លែនេះ តម្លៃលក់លើទីផ្សារខ្ពស់ជាង បន្លែប្រើជីគីមី ប្រើថ្នាំពុលនាំចូលពីប្រទេសជិតខាង។

កសិករបន្តថា កោះពាមរាំង សព្វថ្ងៃមានបន្លែនាំចេញទៅទីផ្សាររាល់ថ្ងៃ ពី១តោន ទៅ២តោន មានជាង១០មុខ ហើយឆ្នាំក្រោយៗទៀត អាចលើសពីនេះទ្វេដង ដោយក្រៅពីមន្ទីរកសិកម្ម ខេត្តចុះបង្រៀន ផ្តល់ពោងទឹក មានអង្គការក្រៅរដ្ឋាភិបាលច្រើនចុះមក គម្រោងជួយពោងទឹកបន្ថែម ពង្រីកផ្ទៃដីដាំបន្លែ បន្លែស្ពៃលក់ចេញ១គីឡូក្រាម ២០០០រៀល និងម្រះ១គីឡូក្រាម ១៣០០រៀល ឬលើសនេះក៏មាន។

ពាក់ពន្ធ័ទៅទៅការដាំបន្លែនេះដែរ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានថ្លែងថា ទូទាំងប្រទេសជាលើកទី១ហើយ ដែលបានស្នើសុំថវិការដ្ឋធ្វើពោងទឹកស្រោចស្រពដំណាំ បន្លែដល់កសិករ ហើយជាមួយកសិករ អ្នកបច្ចេកទេស បន្តចុះជួយបង្រៀនដល់ពួកគាត់ទៀត ដើម្បីជំរុញឱ្យកោះនេះ ក្លាយជាតំបន់សំខាន់នាំចេញបន្លែទៅកាន់ទីផ្សារ។

លោកបន្តថា បើទីនេះ ប្រែក្លាយជាតំបន់នាំចេញបន្លែ ជាតំបន់អេកូទេសចរណ៍បន្លែ ត្រីសាច់ ភ្ញៀវមកភ្លករស់ជាតិ មាន់ដុត ត្រីដុត ផ្គាប់បន្លែស្រស់ៗ មើលធម្មជាតិមាត់ទន្លេទីនេះដោយទទួលបានជោគជ័យលើដំណាំបន្លែជាមិនខានឡើយ។

លោកបានបញ្ជាក់ថា កោះពាមរាំង មានពលរដ្ឋជាង៣០០គ្រួសារ ផ្ទៃដីដាំដុះ រាប់ពាន់ហិកតា ក្នុងអាងទន្លេមេគង្គក្រោម ហើយខាងមុខអ្នកស្រុក ប្រឹងពង្រឹងខ្លួនឯង លើសពីការដាំបន្លែនាំចេញ ឱ្យទីនេះក្លាយជាតំបន់អេកូទេសចរណ៍ជាតិ និងអន្តរជាតិ ដោយសព្វថ្ងៃទេសចរណ៍បរទេស ចូលមកទស្សនាប្រទេសកម្ពុជាយើង តាមផ្លូវទឹក ពីច្រកអន្តរជាតិកោះរកា ច្រកអន្តរជាតិក្អមសំណរ តាមទូក កប៉ាល់ អូរប័រស្រាប់ បើអ្នកនាំភ្ញៀវទាំងនោះ ឈប់តែរយៈពេល១ម៉ោង ឱ្យទេសចរណ៍ទស្សនាលើកោះនេះ វាបានចំណូលបន្ថែមដល់ពួកគាត់ ហើយការងារនេះ ពឹងលើក្រសួងទេសចរណ៍ អាជ្ញាធរទាំងស្រុង៕