(កោះកុង)៖ ផ្កាថ្ម គឺវាជាជម្រកដ៏មានសារសំខាន់បំផុត សម្រាប់ទីកន្លែងរកចំណីអាហារ កន្លែងពងកូន និងធំធាត់យ៉ាងសំខាន់របស់ត្រីប្រមាណជាង ៤០០ប្រភេទ និងប្រភេទធនធានជលផលកម្រ ជាច្រើនទៀតដូចជា៖ ជ្រូកទឹក អណ្តើកសមុទ្រ និងសិប្បីសត្វជាដើម។

ម្យ៉ាងទៀត ផ្កាថ្មទាំងអស់នៅក្នុងសមុទ្រ គឺជាពិភពបរិស្ថាន ដែលមានទស្សនីយភាពយ៉ាងស្រស់បំព្រងសម្រាប់ទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ មួយមិនអាចកាត់ផ្តាច់បាននោះឡើយ។

សហគមន៍នេសាទតំបន់ឆ្នេរ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផល ជាពិសេសផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោង ក្នុងដែននេសាទរបស់ខ្លួន។ តួរយ៉ាង សហគមន៍នេសាទនៅប្រជុំកោះរ៉ុង រួមមាន៖ សហគមន៍នេសាទភូមិកោះរ៉ុងសន្លឹម, សហគមន៍នេសាទភូមិដើមថ្កូវ, សហគមន៍នេសាទភូមិព្រែកស្វាយ និងសហគមន៍នេសាទសម្រស់កោះស្តេច ជាដើម។

គណៈកម្មការសហគមន៍ ជាពិសេសក្រុមល្បាត បានកំពុងធ្វើការដោយស្ម័គ្រចិត្ត ក្នុងកិច្ចការពារ និងទប់ស្កាត់សកម្មភាពខុសច្បាប់។ សហគមន៍ទាំងអស់នោះត្រូវបានប្រសិទ្ធនាមជា វីរៈជន និងវីរៈនារី ការពារធនធានជលផល៕