(ស្វីស)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃសន្និបាតលើកទី៧២ នៃអង្គការសុខភាពពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានលើកឡើងនូវវឌ្ឍនៈភាពវិស័យសុខាភិបាល នៅកម្ពុជាដូចខាងក្រោម៖

* ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងនៅលើវិស័យអប់រំ វិស័យសេដ្ឋកិច្ចសង្គម ស្ថេរភាពសង្គម ការរីកចម្រើនសេដ្ឋកិច្ច និងការកាត់បន្ថយភាព ក្រីក្រក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការរីកចម្រើនទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ ចំពោះសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយ។

* ការអភិវឌ្ឍន៍និងរីកចម្រើនប្រព័ន្ធសុខាភិបាលសាធារណៈ ជាពិសេសការសម្រេចបានសូចនាករសុខភាពសំខាន់ៗ ដូចជាការធ្វើឱ្យប្រសើរឡើងនិងពង្រីកការគ្របដណ្តប់ សុខាភិបាលសាធារណៈ ការធ្វើឱ្យប្រសើរឡើងគុណភាពសេវាសុខភាព ការពង្រឹងក្រមសីលធម៌វិជ្ជាជីវវេជ្ជសាស្រ្ត ការពង្រីកយន្តការគាំពារសុខភាពសង្គមដើម្បីជៀសផុត ពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព ក្នុងចំណោមកម្មករទាំងក្នុងប្រព័ន្ននិងទាំងក្រៅប្រព័ន្ធ មន្រ្តីសាធារណៈ ជនពិការ ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ។

* រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងមូលនិធីសមធម៌ ដែលបាននឹងកំពុងផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពជូនដល់ប្រជាជនក្រីក្រជួបការលំបាកប្រមាណ៣លានករណី។

* ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការក្របខណ្ឌគោលនយោបាយគាំពារសង្គម ២០១៦-២០២៥ ដើម្បីសម្រេចឱ្យបានការគ្របដណ្តប់សុខភាព ជាសាកល តាមរយៈការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ រួមមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តអង្គភាពថវិកាក្នុងវិស័យសុខាភិបាល ការបង្កើនឯករាជ្យភាពក្នុងការវិភាជន៍ថវិការជាតិ ការផ្តល់មូនិធិបន្ថែមទៅឱ្យមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សាច់ប្រាក់ផ្អែកលើការប្រតិបត្តិដោយមូលនិធិគាំទ្រសេវា និងលើកកម្ពស់ការវិនិយោគវិស័យសុខាភិបាលទាំងផ្នែកសាធារណៈទាំងផ្នែកឯកជន។

* នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងគាំពារហិរញ្ញវត្ថុបន្ថែមមួយទៀត ដើម្បីគាំទ្រស្រី្តមានផ្ទៃពោះក្រីក្រ។ កម្មវិធីនេះបានបង្កើនការប្រើប្រាស់សេវា សុខាភិបាលប្រកបដោយគុណភាពរបស់ស្រ្តីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលផ្តល់ជូននូវសាច់ប្រាក់ជូនដល់ពួកគាត់ក្នុងកំឡុងពេលមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ។ គម្រោងថ្មីនេះបង្កើតឡើងក្នុងគោលបំណងជម្រុញធ្វើឱ្យប្រសើរឡើងស្ថានភាពសុខភាពរបស់ស្រ្តីនិងកុមារ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។

* គូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបានការគ្របដណ្តប់សុខភាពជាសាកលតាមរយៈការធ្វើឱ្យប្រសើរឡើងការគ្របដណ្តប់ គុណភាពសេវាថែទាំសុខភាព និងលុបបំបាត់របាំងហិញ្ញវត្ថុក្នុងការប្រើសេវាថែទាំសុខភាព។

នាឱកាសចូលរួមក្នុងសន្និបាតខាងលើនេះ លោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សែណែវ ក៏បានចូលរួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលផងដែរ។ ជាមួយគ្នានេះលោករដ្ឋមន្រ្តីក៏បានជួបជាមួយឥស្សរជនសំខាន់ៗមួយចំនួនដូចជា រដ្ឋមន្រ្តីសុខាភិបាលឡាវ ដែលត្រូវបានតែងតាំងជាប្រធានសន្និបាតលើកទី៧២នេះ ជួបជាមួយរដ្ឋមន្រ្តី សុខាភិបាលសឹង្ហបុរី នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

មុនចាប់ផ្តើមសន្និបាតលើកទី៧២ លោករដ្ឋមន្រ្តីក៏បានចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ានផងដែរ៕