(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានអនុញ្ញាតិឲ្យគណៈប្រតិភូកងទ័ពជើងគោកកូរ៉េខាងត្បូង ដឹកនាំដោយលោកវរសេនីយឯក Yoon Beomgi ចូលជួបសំដែងការគួរសម និងស្វែងយល់ពីការសម្រួបសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា ដែលបណ្តាលឲ្យមានសេសសល់នូវគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ និងបានបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាឧបសគ្គធំបំផុតសម្រាប់ការអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាអស់ការគម្រាមដោយសារមីន ដោយបានចងក្រងនូវឯកសាយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ និងព្យាយាមសម្របសម្រួល និងកៀរគរថវិកាពីសហគមន៍អន្តរជាតិ ដើម្បីឈានទៅសម្រេចបានជោគជ័យដូចការរំពឹងទុក។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីដំណើទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកម្ពុជា និងបានឲ្យដឹងពីការឆ្លើយតបជាវិជ្ជមាន ចំពោះការស្នើសុំរបស់កម្ពុជាឲ្យកូរ៉េ ចូលរួមចំណែកក្នុងការជួយលើវិស័យបោសសម្អាតមីន។

លោកវរសេនីយ៍ឯក Yoon Beomgi បានជម្រាបជូនថា ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន ការបោសសម្អាតមីនជាភារកិច្ចរបស់យោធាកងវិស្វកម្ម ហើយព្យាយាមស្វែងយល់បន្ថែមពីកម្ពុជា នូវបទពិសោធន៍ថ្មីៗ ដែលកម្ពុជាអាចបញ្ជូនកងបោសសម្អាតមីន ទៅចូលរួមជាមួយក្រុមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងអាណត្តិរវាងអាជ្ញាធរមីន និងប្រតិបត្តិករ ក៏ដូចជាវិធីសាស្រ្តក្នុងការសម្របសម្រួលលើវិស័យមីនទាំងមូល។

ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមក្នុងតំបន់ និងសង្គ្រាមស៉ីវិល ហើយសង្គ្រាមទាំងនោះ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ លោកបានលើកឡើងបន្ថែមទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាអាចបញ្ចប់សង្គាម សន្តិភាព ប៉ុន្តែប្រទេសកម្ពុជាដោយសារមីន និងសំណល់ និងជាតិផ្ទុះពីសង្គ្រាម នៅតែបង្កផលប៉ះពាល់យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា។

សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងតែខិតខំប្រឹងប្រែងបោសសម្អាតមីន ដោយប្រតិបត្តិករជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់ការកាត់បន្ថយការគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ការអភិវឌ្ឍន៍ហេដ្ឋានសម្ព័ន្ធនានា និងកសិកម្ម។ លោកថា ប្រទេសកម្ពុជាជាប្រទេស ដែលមានបទពិសោធន៍ច្រើនផ្នែកវិស័យមីន ហើយកម្ពុជាក៏នឹងរីករាយស្វាគមន៍ លើការផ្លាស់ប្តូរបទពិសោធន៍ រវាងប្រទេសទាំងពីរវិស័យសកម្មភាពមីនផងដែរ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក Yoon Beomgi ក៏បានជម្រាបក្នុងអង្គប្រជុំផងដែរថា ប្រទេសកូរ៉េខាងត្បូងជាប្រទេសជឿនលឿន ដូចនេះការបោសសម្អាតមីន ជាភារកិច្ចរបស់យោធាកងវិស្វកម្ម រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូង ពុំមានអង្គការក្រៅរដ្ឋាភិបាល ឬក្រុមហ៊ុនណាបោសសម្អាតមីននៅក្នុងប្រទេសទេ៕