(ភ្នំពេញ)៖ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ចាំងខ្សែភាពយន្តឯកសាររឿង ឆ្មាំព្រៃ ស្តីពីសកម្មភាពការពារព្រៃឈើរបស់ព្រះសង្ឃកម្ពុជាមួយអង្គ ដែលបាននិមិន្តចេញពីវត្តអារ៉ាម ព្រោះតែស្រលាញ់ធនធានធម្មជាតិ។

រឿងឆ្មាំព្រៃ បង្ហាញអំពីសកម្មភាពរបស់ព្រះតេជគុណ ប៊ុន សាលួត ក្នុងការរៀបចំយុទ្ធនាការការពារព្រៃឈើ និងសត្វព្រៃនៅក្នុងស្រុកអន្លង់វែង ពីការរុករានរបស់អ្នកកាប់បំផ្លាញព្រៃឈើ ព្រានប្រមាញ់សត្វព្រៃ និងសត្វរស់នៅក្នុងទឹក ក៏ដូចជាការរុករកធនធានរ៉ែខុសច្បាប់។

ព្រះតេជគុណបានខិតខំតតាំងនឹងការគំរាមកំហែង និងការបំភិតបំភ័យ ដោយកេណ្ឌព្រះសង្ឃដទៃទៀត ព្រមទាំងនិមន្តចាកចោលការរស់នៅក្នុងវត្តអារ៉ាមដោយស្ងប់សុខ ទៅគង់នៅក្នុងព្រៃស្មសាន។ នៅក្នុងខ្សែភាពយន្តឯកសារនេះ ព្រះតេជគុណ ប៊ុន សាលួត ពិពណ៌នាអំពីមូលហេតុ ដែលព្រះតេជគុណ សម្រេចចិត្តក្លាយខ្លួនជាអ្នកថែរក្សាព្រៃឈើមួយអង្គ និងថា តើគោលការណ៍នៃព្រះពុទ្ធសាសនា គាំពារដល់ការការពារបរិស្ថានយ៉ាងដូចម្តេច។

តំបន់ដែលស្ថិតក្រោមការថែរក្សារបស់ព្រះតេជគុណ បច្ចុប្បន្នបានលាតសន្ធឹងលើក្រឡាផ្ទៃសរុបចំនួនប្រមាណជាង ៣ម៉ឺន២៥៤ហិចតា។ តំបន់ព្រៃនេះគឺត្រូវបានស្គាល់ថាជា «ព្រៃសង្ឃរុក្ខវ័ន» ស្ថិតក្នុងស្រុកអន្លង់វែង ដែលជាទីតាំងកាន់កាប់ចុងក្រោយបំផុតនៃចលនាតស៊ូរបស់កងទ័ពខ្មែរក្រហម និងអ្នកដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។

ការបញ្ចាំងខ្សែភាពយន្តឆ្មាំព្រៃលើកទី១ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ព្រះសង្ឃគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ គ្រូបង្រៀន សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ផងដែរ។ ជាក់ស្តែង កៅអីអង្គុយសម្រាប់មើលខ្សែភាពយន្តនេះ មានការខ្វះខាតព្រោះតែចំនួន អ្នកមកទស្សនាលើសពីការរំពឹងទុក្ខ។

បន្ទាប់ពីបញ្ចាំងរឿងចប់ លោក ពិសី បានសម្តែងចំណាបអារម្មណ៍ថា ខ្សែរភាពយន្តពិតរបស់ព្រះតេជគុណ ប៊ុន សាលួត មានអត្ថន័យល្អខ្លាំងណាស់ ដែលព្រះអង្គអាចត្រូវបានចាត់ទុកថា ជាគំរូដល់ព្រះសង្ឃជាច្រើនអង្គទៀត ដែលស្រលាញ់ធម្មជាតិ។ ព្រះអង្គបានបោះបង់វត្តអារាម ដែលជាទីកន្លែងគ្មានគ្រោះថ្នាក់ ទៅគង់ក្នុងព្រៃពោរពេញទៅដោយភាពគ្រោះថ្នាក់ទៅវិញ។

លោក ពិសី បានបញ្ជាក់ថា «រឿងនេះជាប្រភេទឯកសារមួយ ដែលបង្ហាញពីការលះបង់របស់ព្រះសង្ឃមួយអង្គ ដែលជាព្រះមេគុណខេត្ត។ មេគុណខេត្តបើគិតឋានៈទៅ ស្មើនឹងអភិបាលខេត្ត។ អញ្ចឹងប្រហែលជាសង្ឃផ្សេង រស់នៅក្នុងគំនរសោយសុខ ក្នុងកុដិរៀបចំយ៉ាងល្អ មានម៉ាស៉ីនត្រជាក់ ប៉ុន្តែលោកបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តក្នុងការតស៊ូ ដើម្បីការពារសម្បត្តិធនធានធម្មជាតិ របស់យើងទាំងអស់គ្នា មិនតែប៉ុណ្ណោះព្រះសង្ឃអង្គនោះ ត្រូវបានជនល្មើសកាប់ព្រៃឈើ ចាប់សត្វព្រៃហ្នឹងស្អប់ទៅទៀត»

ទោះបីជារឿងឆ្មាំព្រៃ ជាឯកសារមានល្អយ៉ាងនេះក្តី ប៉ុន្តែកញ្ញា ម៉ី បានឲ្យដឹងដែរថា ការរៀបចំបញ្ចាំងនៅវត្តលង្កានេះ ហាក់នៅមានចំណុចខ្វះខាតបន្តិច ដោយសារតែទីកន្លែងបញ្ចាំងនៅសាលាឆាន់ មិនសូវមានខ្យល់ចេញចូល។ បើនិយាយពីទិដ្ឋភាពនៃការបញ្ចាំងរឿងនេះ កញ្ញា ម៉ី វាយតម្លៃថា មានទស្សនិកជនខ្លះធុញថប់ ដោយសារតែបរិយាកាសក្តៅស្អុះស្អាប់តែម្តង។ បន្ថែមលើនេះ កញ្ញាមានការសោកស្តាយ ដែលខ្សែភាពយន្តដ៏ល្អបែបនេះ ត្រូវបានបញ្ចាំងនៅទីកន្លែងចង្អៀតទៅវិញ។

កញ្ញាបញ្ជាក់ថា «ការរៀបចំនៅមានចន្លោះប្រហោងបន្តិច ដោយសារយើងរៀបចំនៅសាលាឆាន់ រាងហប់ខ្យល់ ធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ធុញថប់ ហើយប្រព័ន្ធសំឡេងមិនសូវល្អ អ្នកក្រោយស្តាប់មិនសូវបាន។ អញ្ចឹងធ្វើឲ្យអ្នកចូលរួមខ្លះអារម្មណ៍អត់មូលទេ នៅក្នុងការផ្តោតមើលលើឯកសារនេះ»

ជាមួយគ្នានេះដែរ មានព្រះតេជគុណមួយអង្គ បានថ្លែងសង្ឃដីកាថា គុណភាពនៃវីដេអូមានភាពល្អប្រសើរ ដែលខ្មែរយើងអាចផលិត Documentary film (ខ្សែរភាពយន្តឯកសារ) ដែលអាចទទួលយកបាន ជាជំហានមួយដ៏ល្អរបស់ខ្មែរ។

ព្រះអង្គបញ្ជាក់ថា «ការទៅមើលផ្ទាល់ហាក់បីដូចជា ការលើកទឹកចិត្តដល់អ្នកផលិត ដែលយើងសម្តែងនូវការគាំទ្រ ឲ្យមានការផលិតឯកសារបែបនេះ ជាបន្តបន្ទាប់ទៀត។ បើសិនជាការផលិតឯកសារទី១ មិនមានអ្នកគាំទ្រទេ ធ្វើឲ្យផលិតករបាក់ទឹកចិត្ត សម្រាប់ផលិតឯកសារបែបនេះ ឲ្យកូនចៅជំនាន់ក្រោយមើលទៀតទេ»

ផ្អែកតាមសាច់រឿងឆ្មាំព្រៃ ព្រះតេជគុណ ប៊ុន សាលួត បដិសេធចំពោះការប្រើអាវុធ ឬការគំរាមកហែងប្រឆាំងនឹងអ្នកប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ ដោយពឹងផ្អែកលើកម្លាំងបញ្ចុះបញ្ចូលដ៏វិសាមញ្ញរបស់ព្រះតេជគុណ និងអាជ្ញាធរក្នុងតំបន់។ ដំណឹងទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង របស់ព្រះតេជគុណ បានលេចឮទៅដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រគេនមុខងារផ្លូវការជូនព្រះសង្ឃដ៏ពិសេសអង្គនេះ ក្នុងការការពារព្រៃឈើប៉ែកខាងជើងរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រគេនព្រះតេជគុណ នូវធនធានរដ្ឋាភិបាលក្នុងការយាមល្បាតព្រៃនេះផងដែរ។

ខ្សែភាពយន្តឆ្មាំព្រៃនេះ បង្ហាញអំពីតួនាទីដឹកនាំជាគម្រូរបស់ព្រះតេជគុណ ប៊ុន សាលួត មិនត្រឹមតែក្នុងនាមជាព្រះសង្ឃនៃព្រះពុទ្ធសាសនាមួយអង្គតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាបុគ្គលតំណាងឲ្យដីកាសាសនា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ និងថែរក្សាភពផែនធម្មជាតិដ៏មានតម្លៃ ដែលស្ថិតនៅក្រោមការគំរាមកំហែង។ រឿងឆ្មាំព្រៃ ឆ្លុះបញ្ចាំងអំពីជីវិតគួរជាទីកោតស្ញប់ស្ញែងនៃសមាគមព្រះសង្ឃមួយ ដែលបានស្ម័គ្រចិត្តបំពេញតួនាទីជាអ្នកការពារ និងអ្នកថែរក្សាលំនៅស្ថានធម្មជាតិ។ សកម្មភាពនេះគឺជាគម្រូមួយ ដែលបច្ចុប្បន្នត្រូវបានអនុវត្តតាម នៅឯបណ្តាប្រទេសដទៃទៀតក្នុងពិភពលោក។

មូលហេតុដែលនាំឲ្យ ព្រះតេជគុណ ប៊ុន សាលួត មានឆន្ទៈស្រលាញ់ធម្មជាតិ ត្រូវបានព្រះអង្គពន្យល់ថា ព្រះអង្គត្រូវតែស្វែងរកអ្វីដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់។ ព្រះពុទ្ធ គឺជាអ្នកលើកទឹកចិត្តឲ្យព្រះតេជគុណ ប៊ុន សាលួត ការពារព្រៃឈើ និងសត្វព្រៃតែម្តង។

ព្រះតេជគុណបញ្ជាក់ថា « ព្រះពុទ្ធបានយល់ថា ព្រៃឈើ និងសត្វអាចសម្របខ្លួន និងរស់នៅជាមួយមនុស្ស ប៉ុន្តែមនុស្សមិនដែលរៀនចេះរួមរស់ ដោយសន្តិភាពជាមួយពួកគេឡើយ។ ពេញមួយជីវិតរបស់ទ្រង់, ទ្រង់បានលើកទឹកចិត្តមនុស្សឲ្យស្រឡាញ់ និងមានការគោរពចំពោះព្រៃឈើ និងសភាវៈមានជីវិតផ្សេងៗទៀតផងដែរ»