(កំពង់ចាម)៖ ឃាតកមិនស្គាល់អត្តសញ្ញាណ បានប្រើវត្ថុរឹងវាយប្រហារទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។

ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះម៉ោង១០ ទៅម៉ោង១២ ពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ នៅក្នុងបរិវេណសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ស្ថិតនៅក្នុងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តញ្ញាណ បានធ្វើសកម្មភាពវាយស្ត្រីម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និងវាយបុរសម្នាក់ទៀតរងរបួសធ្ងន់បាន កំពុងសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។

ជនរងគ្រោះជាស្ត្រីឈ្មោះ ហ៉ី ធាវីន អាយុ២៤ឆ្នាំ ត្រូវឃាតកវាយស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិអណ្តូងច្រោះ ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់។ ចំណែកជនរងគ្រោះម្នាក់ទៀតជាបុរស ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ត្រូវឃាតកវាយបណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែដោយសារអាការជំងឺធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូនបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។

ទាក់ទឹនទៅករណីឃាតកម្មខាងលើមកដល់ម៉ោង ៣រសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ ២០១៩នេះ អធិការនគរបាលស្រុកស្ទឹងត្រង់លោក ប៉ាក ជាតិ បានឲ្យដឹងថា សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវនៅឡើយ ដោយមានការសហការជាមួយកម្លាំងនាញការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ សមត្ថកិច្ចដាក់ការសង្ស័យថា ករណីឃាតកម្មនេះកើតឡើងបណ្តាលមកពីស្នេហាត្រីកោណ៕