(ភ្នំពេញ)៖ ជាការពិតលុយពិតជាមានសារៈសំខាន់ សម្រាប់មនុស្សគ្រប់រូប ព្រោះតែមនុស្សគ្រប់រូបសុទ្ធតែត្រូវការលុយ ដើម្បីយកទៅប្រើប្រាស់ ទៅតាមតម្រូវការរបស់ខ្លួន ប្រើប្រាស់ទៅលើអ្វីដែលខ្លួនចង់បាន។

លុយដែលមានតម្លៃជាលុយដែលអាចយកទៅប្រើប្រាស់បាន ប៉ុន្ដែលុយមានច្រើនលើសពីតម្រូវការលុយនោះ គ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត។

ក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា មនុស្សគ្រប់រូបសុទ្ធតែចង់បានលុយ ចង់បានភាពមានបាន គ្មានអ្នកណាចង់ក្រនោះឡើយ ជាការពិតបើយើងគ្មានលុយពិតជាពិបាក ប៉ុន្ដែបើមានលុយច្រើនលើពីតម្រូវការ លុយនោះគ្រាន់តែជាតួលេខប៉ុណ្ណោះ។

លោកបន្ដថា «តាមគំនិតរបស់ខ្ញុំ នៅលើពិភពលោក អ្នកមានលុយចន្លោះពី៥-១០លានដុល្លារ ជាមនុស្សដែលមានសុភមង្គលបំផុត អ្នកដែលមានលុយក្រោម៥លានដុល្លារ គឺរស់នៅបែបសាមញ្ញាសប្បាយៗ ចំណែកអ្នកមានលុយ១លានដុល្លារ អាចប្រឈមការខ្វះខាតបន្ដិចបន្ដួច»។

ជាមួយគ្នានោះ លោកបណ្ឌិត គីម ហ៊ាង ក៏បានបង្ហាញពីកត្តាមួយចំនួនដែលធ្វើឲ្យលោក ក្លាយជាសហគ្រិនជោគជ័យលើវិស័យដីធ្លី និងមានឈ្មោះល្បីល្បាញដូចពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា ទម្រាំក្លាយខ្លួនជាសហគ្រិនជោគជ័យលើវិស័យដីធ្លីដូចបច្ចុប្បន្ននេះ មិនជារឿងងាយស្រួលនោះឡើយពោលគឺ ត្រូវអំណត់តស៊ូរឆ្លងកាត់គ្រប់ឧបសគ្គទាំងអស់ រហូតទទួលបានជោគជ័យដូចពេលនេះ។ លោកបន្ថែមថា ជាមួយភាពជោគជ័យនេះលោកតែងតែ ក្រើនរំលឹកខ្លួនឯងនូវពាក្យស្លោកមួយឃ្លាថា «អ្វីក៏ខ្ញុំមិនខ្លាចអ្វីដែរខ្ញុំខ្លាចគឺភាពក្រីក្រ»។

លោកបណ្ឌិតឲ្យដឹងថា «ខ្ញុំធ្លាប់ឆ្លងកាត់រឿងឈឺចាប់ជាច្រើន ព្រោះកាលពីក្មេងខ្ញុំជាកូនអ្នកមាន ប៉ុន្ដែពេលខ្ញុំមានវ័យជំទង់គ្រួសារចាប់ផ្ដើមធ្លាក់ខ្លួនក្រ ពេលនោះហើយទើបខ្ញុំដឹងថា យើងជាអ្នកណា ពេលជាអ្នកមាន មានមិត្តភក្រ្ដិបងប្អូនរាប់រក ពេលធ្លាក់ខ្លួនក្រ គឺមានតែយើងម្នាក់ប៉ុណ្ណោះដែលស្គាល់ខ្លួនឯង»។

លោកបណ្ឌិតបន្ដថា «មានសុភាសិតលើកទឹកចិត្តពោលថា ក្រទ្រព្យចុះកុំឲ្យតែក្រចិត្ត ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំប្ដេជ្ញាថា កុំឲ្យក្រ មានទាំងចិត្ត មានទាំងលុយ។ ពេលខ្ញុំធំដឹងក្ដីចូលប្រឡូកក្នុងសង្គម ខ្ញុំសង្កេតមើលដឹងថាសង្គម និងមនុស្សមានការបែងចែកវណ្ណៈ ទាំងនេះហើយដែលធ្វើឲ្យខ្ញុំតាំចិត្តថា ដាច់ខាតខ្ញុំមិនអាចក្រ»។

លោកបន្ថែមថា «ក្នុង១ជីវិតនេះអ្វីដែលខ្ញុំខ្លាចជាងគេ គឺខ្លាចក្រ ព្រោះខ្ញុំធ្លាប់ក្រពេលក្រពិបាក ខ្ញុំស្គាល់អ្នកក្រច្រើនគ្មាន អ្នកក្រណាម្នាក់សប្បាយចិត្ត ដែលកើតមកក្រនោះឡើយ»៕