(ក្រចេះ)៖ នគរបាលក្រុងក្រចេះ បានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ដោយឃាត់ខ្លួនសង្ស័យចំនួន ៣នាក់ និងថ្នាំញៀន ២៣កញ្ចប់ កាលពីយប់ថ្ងៃទី២០ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលក្រុងក្រចេះ នៅយប់ថ្ងៃទី២០ ខែឧសភា បានល្បាតតាមមូលដ្ឋានបានប្រទះឃើញ និងស្ទាក់ចាប់ មុខសញ្ញាសង្ស័យពាក់ពន្ធ័ករណីរក្សាទុក និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀនបានម្នាក់ឈ្មោះ ហ៊ល សេងអូន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងម៉ាស៉ីន រស់នៅភូមិក្រគរ សង្កាត់ក្រគរ ឃាត់ខ្លួននៅចំណុចជង្រុកស្រូវ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ដោយដកហូតបានម៉ូតូ១គ្រឿង និងថ្នាំញៀនចំនួន ១កញ្ចប់។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្រោយពីសួរនាំជនសង្ស័យខាងលើ នៅថ្ងៃទី២១ ខែឧសភានេះ កម្លាំងនគរបាលក្រុងក្រចេះ បានបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់បន្ថែមទៀត នៅចំណុចផ្ទះជនសង្ស័យ នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។ ជនសង្ស័យទី១៖ ឈ្មោះ វូ ប៊ុនណារិទ្ធ ហៅទូច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើសិប្បកម្ម និងជនសង្ស័យទី២៖ ឈ្មោះ ហ៊ន ស្រីឡែន ភេទស្រីអាយុ ២១ឆ្នាំ អ្នកទាំងពីរជាប្ដីប្រពន្ធរស់នៅភូមិឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌សចំនួន២២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ទុយោសម្រាបចូករំលែកគ្រឿងញៀនចំនួន២, ថង់សម្រាប់រំលែកគ្រឿងញៀន, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ទូរស័ព្ធចំនួន២គ្រឿង, ម៉ូតូចំនួន១គ្រឿង ប្រាក់ដុល្លារចំនួន២២០ដុល្លារ, ប្រាប់រៀលចំនួន២,៩៥០,០០០រៀល និងគ្រឿងអលង្ការមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវង្ថុតាំងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕