(បាត់ដំបង)៖ អតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៤រូបផ្សេងទៀតហើយ បានចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងសំណុំរឿងប្រឆាំង និងបំពានសាលដីកា តុលាការកំពូល ដែលកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ។

មន្រ្តីសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អតីតសកម្មជនទាំងនោះរួមមាន៖ ១៖ លោក ស៊ុន ចំរើន អតីតមេឃុំពាមឯក, ២៖ លោក ភឿក ឡំ អតីតមេឃុំសំរោងក្នុង, ៣៖ អ្នកស្រី នី រំដួល អតីតមេឃុំព្រែងហ្លួង និង៤៖ លោក សុខ សុភ័ក្រ្ត ជំទប់ទី១ ឃុំព្រែកនរិន្ទ។

សូមបញ្ជាក់ថា លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២៦រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជីវ, កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង។

ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស៕