(រតនគិរី)៖ លោក លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី តំណាងលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី ក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកវើនសៃ ដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោក លី ធុជ បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំពុះពារដើម្បីបន្តថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ និងការពាររាល់សមិទ្ធផល សង្គមជាតិដែលសម្រេចបាន។

ជាមួយគ្នានេះ លោក លី ធុជ បានលើកឡើង ការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នេះ គឺជាសារមួយយ៉ាងសំខាន់ និងបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចងចាំអំពីការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងលើពលរដ្ឋខ្មែរស្លូតត្រង់ទាំងអស់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព ទម្លាប់រស់នៅស្អាត ផឹកស្អាត ដើម្បីបញ្ចៀសបាននូវ ជំងឺតម្កាត់ផ្សេងៗ។ តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នាពេលនេះ មានចំនួនជាង២០០គ្រួសារ៕