(ពោធិ៍សាត់)៖ នាពេលខាងមុខនេះ ខេត្តពោធិ៍សាត់នឹងមានប្រព័ន្ធធារាសាស្រ្តធំៗចំនួន ២ទីតាំងទៀត ក្នុងនោះរួមមានប្រព័ន្ធធារាសាស្រ្តវត្តជ្រែ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន និងប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានលទ្ធភាពស្រោចស្រពផ្ទៃដីរាប់ពាន់ហិកតា នឹងសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀត។

ខណៈដែលក្រុមការងារកំពុងសាងសង់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំខេត្ត អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ចុះទៅពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តវត្តជ្រែ និងបន្តចុះទៅពិនិត្យការធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល។

សូមជម្រាបថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រវត្តជ្រែ ក្រោមប្រាក់កម្ចីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ចំនួន ៤.៦១លានដុល្លារ ត្រូវអនុវត្តរយៈពេល៥ឆ្នាំ (២០១៦-២០២០) ហើយរហូតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ៦៩ភាគរយ។ គម្រោងនេះពេលសាងសង់រួចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១,៩៧៩ហិកតា នៅរដូវវស្សា និងនៅរដូវប្រាំងចំនួន ១,៩៤៩ហិកតា។

ដោយឡែក គម្រោងធ្វើទំនើបកម្មប្រព័ន្ធបើក-បិទទ្វារទឹកដំណាក់អំពិល និងប្រឡាយធ្វើអំពីបេតុង នៃប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុនក្នុងទឹកប្រាក់ប្រមាណ ១.៥០លានដុល្លារ សម្រាប់រយៈពេល២ឆ្នាំ (២០១៨-២០១៩) និងបច្ចុប្បន្នការងារសម្រេចបាន ៩០ភាគរយហើយ។

ក្នុងឱកាសចុះពិនិត្យទីតាំងគម្រោងខាងលើ លោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបានរហូតមកដល់ពេលនេះ និងបានលើកឡើងនូវយោបល់ល្អៗចំពោះលក្ខណៈបច្ចេកទេស ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹងលើគុណភាពសំណង់ដែលកំពុងសាងសង់ សម្រាប់ការប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងទៅមុខ៕