(កំពង់ធំ)៖ ខណៈនៅសល់រយៈពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ឈានចូលមកដល់ហើយនោះ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល និងណែនាំបន្ថែមដល់អង្គបោះឆ្នោតទាំងពីរស្រុក ដើម្បីធានាឱ្យការបោះឆ្នោតអសកលនេះ ប្រព្រឹត្តទៅរលូនល្អប្រសើរ។

ពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតខាងលើនេះ ក៏បានធ្វើឡើងស្របនឹងការប្រារព្ធទិវាចងចាំ ២០ ឧសភា ផងដែរ ដែលគណបក្សប្រជាជនកម្ពុជាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំឭកឡើងវិញនូវការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ជិត ៣លាននាក់ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ «កម្ពុជាប្រជាធិបតេយ្យ» ក្នុងពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកបានរំព្ញកនូវការចងចាំ ប្រកបដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិខ្មែរគ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសម្រាប់មាតុភូមិកម្ពុជា។

បន្ទាប់ពីរំឭកនូវសោកនាដកម្ម ដែលកើតឡើងក្នុងរបបឃ្មៅងងឹតយង់ឃ្នងនោះរួចមក លោក ថោង ខុន បានណែនាំបន្ថែមដល់អង្គបោះឆ្នោតយ៉ាងដូច្នេះថា៖

* អង្គបោះឆ្នោតគ្រប់រូប-គ្រប់ឃុំ ត្រូវថែរក្សាសុខភាពអោយបានល្អ រក្សាសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកកន្លែងធ្វើការ។ ក្នុងរយៈពេលនេះ អង្គបោះឆ្នោតមិនត្រូវធ្វើដំណើរទៅឆ្ងាយឡើយ។

* អង្គបោះឆ្នោតត្រូវស្គាល់ច្បាស់ពីលេខរៀងគណបក្ស ត្រូវចេះគូស និងបោះឆ្នោតជូនគណបក្សឲ្យបានត្រឹមត្រូវ។

* អង្គបោះឆ្នោតត្រូវបានគ្រប់គ្រង់យ៉ាងហ្មត់ចត់ និងប្រមូលផ្តុំនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីត្រៀមដឹកជញ្ជូនទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ចាប់ពីម៉ោង ៦៖០០ព្រឹក រហូតដល់ម៉ោង ៣៖០០រសៀល។

* អង្គបោះឆ្នោតត្រូវត្រួតពិនិត្យឯកសារបម្រើឲ្យការបោះឆ្នោត (ដូចជាអត្តសញ្ញាណបណ្ណ……) របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីយកទៅបោះឆ្នោត។

* ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ។

* ខិតខំទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងរបស់សមាជិកក្រុមប្រឹក្សាឃុំ ឬក្នុងជួរបេក្ខជន ឬនៅក្នុងផ្ទៃក្នុងរបស់គណបក្ស។

* ត្រូវម្ចាស់ការក្នុងការវាយបកឲ្យទាន់ពេលវេលានូវរាល់ការឃោសនាមូលបង្កាច់ និងសកម្មភាពបំផុសបំផុល ញុះញង់ អុចអាលរបស់ក្រុមប្រឆាំងគ្រប់រូបភាពនៅតាមមូលដ្ឋាន។

* ខិតខំពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានានៅមូលដ្ឋាន។

* ផ្តល់សេវាសាធារណៈ (ទាំងសេវាតម្រូវការ និងសេវាសំណូមពរ) ឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។

* ខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត។

* ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបង្កលក្ខណៈដល់សមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដើម្បីបានទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ មានរយៈពេល៨ថ្ងៃ គឺគិតចាប់ពីថ្ងៃ១៧-២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការបោះឆ្នោតអសកលនេះនឹងប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩៕