(ភ្នំពេញ)៖ គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាពរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយទាំង ០៦នោះរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្តចំនួន១៧ រួមមាន៖ រាជធានីភ្នំពេញ សៀមរាប ត្បូងឃ្មុំ ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង រតនគិរី ពោធិ៍សាត់ ឧត្តរមានជ័យ កែប មណ្ឌលគិរី ព្រៃវែង តាកែវ ប៉ែលិន ព្រះសីហនុ ក្រចេះ និងកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៥,៣៤៦នាក់។

ទី២៖ គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួន នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ប្រមាណ ១០នាក់ រថយន្ត១គ្រឿង ម៉ូតូ ៧គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង។

ទី៣៖ គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅត្បូងឃ្មុំ ពោធិ៍សាត់ រតនគិរី កំពង់ស្ពឺ ប៉ៃលិន និងតាកែវ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣១០នាក់ រថយន្ត ១២គ្រឿង និងម៉ូតូ ៧គ្រឿង។

ទី៤៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាព ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប ៦នាក់។

ទី៥៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាព ជួបប្រជុំចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ៩៨នាក់។

ទី៦៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាព នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ២០នាក់ រថយន្ត ២គ្រឿង។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅថ្ងៃទី០៤នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕