(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ មានគណនី Facebook ដែលមានឈ្មោះថា «សេវាផ្សេងទៀត» បានបង្ហោះព័ត៌មាន ដែលមានចរិតបោកប្រាស់ និងបង្ខួចកេរ្តិ៍ឈ្មោះរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការទទួលធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។

ក្រសួងអប់រំបានបញ្ជាក់ថា ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ ដែលបំពានលើសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរកជន ដែលបានបង្ហោះព័ត៌មានខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងសូមអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមទប់ស្កាត់ការចែកចាយព័ត៌មាននេះ តាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងការឈានទៅកំណត់មុខសញ្ញាជន ដែលបានប្រព្រឹត្តអំពើខាងលើ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ក៏បានអំពាវនាវសូមសាធារណជនមាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស និងនិស្សិតគ្រប់រូប មេត្តាជ្រាបជាព័ត៌មាន និងសូមផ្តល់កិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ៕