(កណ្តាល)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត សៅ ចន្ទ័ថុល ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បានអំពាវនាវ ឲ្យសាមណសិស្ស សមាណនិស្សិតទាំងអស់ នៅទូទាំងប្រទេស ខិតខំប្រឹងប្រែង ក្នុងការសិក្សារៀនសូត្រ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របពេលដែលប្រទេស កំពុងទទួលបាន សុខសន្តិភាពពេញលេញ ដែលធ្វើឲ្យវិស័យអប់រំ ទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ កំពុងមានការរីកចម្រើន។

សង្ឃដីកា របស់សម្តេចព្រះមហាអរិយវង្ស បានធ្វើឡើង ក្នុងឱកាសដែលព្រះអង្គ និមន្តជាព្រះអធិបតីភាព ក្នុងពិធីបើកបវេសនកាល នៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ព្រះអគ្គាធិការរង ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយសម្រួលលក្ខណៈដល់ព្រះសង្ឃ និងអំពាវនាវដល់ ពុទ្ធបរិស័ទ្ធ ដែលមានលទ្ធភាព បន្តចូលរួមចំណែកឧបត្ថម្ភ ដល់ព្រះសង្ឃ ដើម្បីឲ្យព្រះសង្ឃ ដែលជាកូនអ្នកមានជីវភាពខ្វះខាត មានឱកាសទទួលបាន ការសិក្សារៀនសូត្រផងដែរ។

បើតាមព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានមានសង្ឃដីកាថា បវេសនកាលឆ្នាំសិក្សា២០១៩-២០២០នេះ មានសមណសិស្ស សិក្សាចំនួន២៧៤អង្គ/នាក់ ហើយទិសដៅរបស់ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា សម្រាប់អនុវត្តនៅពេលខាងមុខ គឺខិតខំពង្រឹង និងពង្រីកនូវវិស័យអប់រំ បានរីកចម្រើន តាមគោលការណ៍អប់រំ របស់ក្រសួងធម្មការ និងសាសនា និងអនុវត្តឲ្យមានតម្លាភាព ផ្នែកវិស័យអប់រំ នាពេលអនាគត។

ព្រះនាយកពុទ្ធិកវិទ្យាល័យមានសង្ឃដីកាបញ្ជាក់ថា ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា បានបណ្ដុះបណ្ដាលផ្នែកធនធានព្រះសង្ឃ ចំនួន១៧ជំនាន់រួចមកហើយ និងបានបញ្ជូនព្រះសង្ឃសមណសិស្ស ដែលមានចំណេះដឹងជ្រៅជ្រះ ដើម្បីបន្តការសិក្សានៅក្រៅប្រទេស ជាច្រើនអង្គផងដែរ ដូចជានៅព្រះរាជាណាចក្រថៃ ប្រទេសឥណ្ឌា ស្រីលង្កា និងភូមាជាដើម។

សូមជម្រាបថា នៅក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ក៏បានទទួលអំណោយមួយចំនួន ពីសប្បុរសជន ដើម្បីជួយសម្រួល ក្នុងដំណើរការសិក្សារបស់សមណសិស្ស នៅពុទ្ធិកនេះផងដែរ។

ក្នុងនោះ លោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងលោកស្រី បានឧបត្ថម្ភ ពុទ្ធិកវិទ្យាល័យ ថវិកាចំនួន៥០០ដុល្លារ សមណសិស្ស ចំនួន២៧៤អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ទទួលបានថវិកាចំនួន២ម៉ឺនរៀល។ ដោយឡែក លោក អ៊ាវ ចំរើន ស្នងការនរគបាលខេត្តកណ្តាល និងលោកស្រី បានឧបត្ថម្ភ អង្ករចំនួន៥តោន, ទឹកក្រូច៥០កេស និងថវិកាចំនួន១០លានរៀលផងដែរ៕