(ប៉ៃលិន)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរខួប លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ដោយប្រមូលថវិកាសប្បុរសចំនួន ៣១១,៤៤២ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់កិច្ចការមនុស្សធម៌។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងដោយមានការអញ្ជើញចូលរួមលោក លោកស្រីដែលជាសមាជិក សមាជិកា សប្បុរសជនជាតិ និងអន្តរជាតិយ៉ាងច្រើនផងដែរ។

នៅក្នុងពិធីនេះដែរ លោក អ៊ី ឈាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះទឹកព្រះទ័យមេត្ដាករុណា និងទឹកចិត្ដមនុស្សធម៌របស់ព្រះតេជគុណគ្រប់ព្រះអង្គ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ដែលមានវត្ដមាននៅទីនេះ បានញ៉ាំងឱ្យអង្គពិធីទាំងមូលមានភាពអធិកអធម និងសូមវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ដចំពោះ។

លោកបានបន្តថា ធ្វើយ៉ាងណាឱ្យតែប្រជាពលរដ្ឋរួចផុត ពីគ្រោះអាសន្ន និងខំឆ្លើយតបទៅនឹងគ្រោះអាសន្ននោះបានទាន់ពេលវេលាសមជាជំនួយការរបស់អាជ្ញាធរសាធារណៈមួយឈានមុខគេ គួរឱ្យកោតសរសើរ និងជាទីពឹង ជឿទុកចិត្ដ ក្ដីសង្ឃឹម យ៉ាងកក់ក្ដៅរបស់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងខេត្ដប៉ៃលិនយើង។

ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាគ្រោះធម្មជាតិ នៅតែជាបញ្ហាជាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែយើងនៅតែជឿរជាក់ ពីក្តីមេត្តាករុណា របស់ព្រះតេជគុណដល់លោក លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ នៅតែបន្តគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មហន្តរាយដោយយថាហេតុផ្សេងៗ ហើយដើម្បីឆ្លើយតបទៅ និងគ្រោះមហន្តរាយខាងលើតម្រូវឲ្យយើងទាំងអស់គ្នា សហការចូលរួមការងារមនុស្សធម៌ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដោយត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា គឺគោលការណ៍ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹត្រ, ឯករាជ្យភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។

ក្នុងឱកាសនោះដែរ លោក អ៊ី ឈាន ក៏បានថែ្លងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន ដែលកន្លងមក បានជួយសង្គ្រោះទាន់ពេលវេលា ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងបានថ្លែងអំណគុណ ដល់បងប្អូនសប្បុរជននានាទូទាំងខេត្ត និងក្រៅខេត្ត ដែលតែងតែជួយឧបត្ថម្ភគាំទ្រជាថវិកា ជាស្បៀងអាហារ ជាសម្ភារ ដល់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនគិតពីព័ណ៌សប្បុរ ជាតិសាស និងនិន្នាការនយោបាយអ្វីឡើយ៕