(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរួប រួមជាមួយនឹងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលប្រារពធ្វើនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅវត្តនគរបាជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យ កាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។

ហើយព្រឹត្តិការណ៍ទាំងបីនេះ កើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។

ស្ថិតក្នុងឱកាស នារាត្រីប្រារព្ធពិធីបុណ្យវិសាខបូជានេះ គេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកចូលរួមនៅក្នុងពិធីបុណ្យនេះ មានទឹកមុខសប្បាយរីករាយ អមជាមួយសម្លៀក បំពាក់សមរម្យស្រប ទៅតាមពិធីបុណ្យបែបសាសនានេះផងដែរ។

ជាងនេះទៅទៀតនៅក្នុងការប្រារព្ធពិធី គេបានសង្កេតឃើញប្រជាពលរដ្ឋ មានការបួងសួងសុំសេចក្តីសុខ និងមានការហែរប្រទីប អុជទៀនបំភ្លឺក្នុងរាត្រី និងមានការអង្គុយសមាធិរយៈពេល ១០ នាទីផងដែរ៕