(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលជាទិវាមួយរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី។

មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ការប្រារព្ធទិវានៃការចងចាំនៅឆ្នាំ២០១៩ស្អែកនេះ មហាជនរហូតរាប់ពាន់នាក់ ដែលដឹកនាំដោយថ្នាក់ដែលដឹកនាំសាលារាជធានីភ្នំពេញ នឹងជួបជុំគ្នានៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯង ដឹកនាំដោយ ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

ដូចបណ្តាឆ្នាំកន្លងទៅដែរពិធីនៅថ្ងៃស្អែកនេះ នឹងមានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយនៃកម្មវិធីមានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ២០៧អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះជាង ២លាននាក់។

គួររំ​លឹក​ថា ទិវាចងចាំ ២០ ឧសភា ​ត្រូវបានសភា​នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត​របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាលពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។​ ការកំណត់យកថ្ងៃនេះធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦ ​ខែ​មករា​ឆ្នាំ​១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ ធ្វើ​ឡើង​ដើម្បីលើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​លើក​តម្កើង​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​ការ​ស្តារ​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ ​ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត​ ​និង​ផ្នែក​សង្គម​ដល់​ជន​រងគ្រោះ​ ​និង​ក្រុម​គ្រួសារ​ ​ចូល​រួមក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ​ ​និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម​ ​ក្នុង​សង្គម​កម្ពុជា​ ​និង​លើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ ​និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យនោះ ដើម្បីកុំ​ឲ្យ​វា​កើត​មាន​សារ​ជាថ្មី។

មាត្រា​២​នៃ​អនុក្រឹត្យ​នេះ​ចែង​​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ​នេះ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។​ ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា​ ឬ​ទំនៀម​ទម្លាប់​របស់​ខ្លួន​៕