(កណ្តាល)៖ គួរឲ្យអាសូណាស់ក្មេងប្រុសម្នាក់ មានអាយុទើបតែ ៣ឆ្នាំ ត្រូវរថយន្តធុនធំសណ្តោងរ៉ឺម៉ក កិនស្លាប់មួយរំពេចន៍ ខណៈកុមារតូចរូបនេះរត់ឆ្លងផ្លូវ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត ១៩យប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២១ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ថា រថយន្តដែលកិនក្មេងស្លាប់នោះម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9625 ប្រភេទសណ្ដោងរ៉ឺម៉ក ពីក្រោយពាក់ស្លាកលេខភ្នំពេញ 4-1780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។

ចំណែកកុមាររងគ្រោះមានឈ្មោះ គន្ធា សុវណ្ណារ៉ា អាយុ០៣ឆ្នាំ រស់នៅក្នុងបន្ទុក មានឪពុកឈ្មោះ ក្លូត សុគន្ធា អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ ឡេង ផាន់ណា អាយុ៣៣ឆ្នាំ មានមុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា មុនពេលកើតហេតុកុមាររងគ្រោះឈរលេងនៅលើចិញ្ចើមផ្លូវខាងកើត មិនដឹងជាមានរឿងហេតុអ្វីនោះទេ ស្រាប់ក្មេងប្រុសរត់ឆ្លងផ្លូវទៅខាងលិច។ ស្របពេលនោះរថយន្ត ធុនធំសណ្តោងរ៉ឺម៉ក បើកមកដល់ជ្រុកកិនចំកង់ខាងក្រោយបណ្តាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើករថយន្តព្យាយាមរត់គេចខ្លួន បាត់បន្សល់ទុករថយន្តចោលកន្លែង។

ក្រោយកើតហេតុនគរបាល បានចុះទៅដល់ជួយអន្តរាគមន៍វាស់វែងរួចប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការខេត្តកណ្តាលបន្តនីតិវិធីច្បាប់៕