(ភ្នំពេញ)៖ ក្នុងពិធីទទួលទានអាហារស្រាយបួសរបស់ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី H.E ELDEEN HUSAINI MOHD HASHIM បាននាំនូវសារលិខិតរបស់នាយករករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dr. Mahathir Mohamad ប្រគល់ជូនលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

ក្នុងឱកាស នៃពិធីបុណ្យពិសិដ្ឋរ៉ាម៉ាឌន នៃសាសនាឥស្លាមទូទាំងពិភពលោក រួមទាំងនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡស៊ី បានជូនពរ និងថ្លែងអំណរគុណដល់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ដែលជានិច្ចកាលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ទាំងកិច្ចការទូត និងសហការលើកិច្ចការមនុស្សធម៌ផ្សេងៗផងដែរ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ត្រឡប់ទៅវិញថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dr. Mahathir Mohamad ដែលបានផ្ញើជូននូវសារលិខិតអបអរសាទរ និងថ្លែងអំណរគុណដល់រូបខ្ញុំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីមិត្តភាពយូរអង្វែង និងការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការល្អទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី លើគ្រប់វិស័យ និងកាន់តែប្រសើររឹងមាំថែមទៀត»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ សម្របសម្រួលតាមផ្លូវច្បាប់ ក្នុងការដោះស្រាយបញ្ជូនជនជាតិម៉ាឡេស៊ី៤៧នាក់ ដែលជាប់ឃុំពីបទបើកល្បែងអនឡាញខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ៕