(កំពង់ចាម)៖ យ៉ាងហោចណាស់ជនសង្ស័យ ១៨នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកចំការលើ និងក្រុងកំពង់ចាម នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ និងក្រុងកំពង់ចាម ធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០២ករណី ដោយប្រើវិធានញុះញង់០១ករណី នៅស្រុកចំការលើ និងរដ្ឋបាលចំហរ០១ករណី នៅក្រុងកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលឃាត់ខ្លួនបានជនសង្ស័យទាំង១៨នាក់នេះ កម្លាំងសមត្ថកិច្ចជំនាញដកហូតបាន ម្សៅក្រាមពណ៌ស ប្រភេទមេតំហ្វេតាមីន ចំនួន៣៣កញ្ចប់ (ធំ០៩កញ្ចប់ និងតូច២៤កញ្ចប់), ជញ្ជីញអេឡិចត្រូនិច០២គ្រឿង, ទូរស័ព្ទ១៩គ្រឿង, ម៉ូតូ០៨គ្រឿង, អាវុធកែច្នៃ (កាំភ្លើងខ្យល់) ០១ដើម និងឧបករណ៍សេព សម្ភារវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ចូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕