(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលេចសារថ្មីមួយនៅលើបណ្តាញសង្គម Facebook ដោយបង្ហាញក្តីនឹករលឹកដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។

ក្រៅពីការបង្ហាញក្តីនឹករលឹកទៅដល់ប្រជាពលរដ្ឋ និងកងទ័ព សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា ម្លប់សុខសន្តិភាពដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាបុព្វហេតុនាំឱ្យកម្ពុជាមានការរីកចម្រើន។ សម្តេចតេជោបញ្ជាក់ទៀតថា ភាពរីកចម្រើននេះ គឺមានការចូលរួមអភិវឌ្ឍន៍ពីគ្រប់ប្រជាពលរដ្ឋដែលជាកោសិកានៃសង្គមមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ក្រោមម្លប់សន្តិភាពពេញលេញ ប្រទេសជាតិយើងរីកលូតលាស់កាន់តែឆាប់រហ័ស។ កម្ពុជារីកចម្រើនមកទល់ពេលនេះ ព្រោះយើងបាននាំគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា»

ក្នុងសារផ្ញើជូនជនរួមជាតិក្នុងថ្ងៃឈប់សម្រាកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះភក្តីភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានស្រឡាញ់ និងគាំទ្រឥតងាករេចំពោះសម្តេចក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរុងរឿងជឿនលឿនទៅមុខ៕