(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ថ្ងៃទី២ នៃយុទ្ធនការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩នេះ គឺមានគណបក្សនយោបាយចំនួន៣ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ខណៈស្ថានភាពនៅតែរលូនគ្មានហិង្សា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

គ.ជ.ប បានឱ្យដឹងថា សម្រាប់គណបក្សទាំង៣ ដែលបានធ្វើសកម្មភាពឃោសនារបស់ខ្លួនរួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តតាកែវ ប្រជុំឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក និងជួបជុំសកម្មជន បេក្ខជន ចាក់ មេក្រូ នៅខេត្តចំនួន១៣រួមមាន៖ ខេត្តមណ្ឌលគិរី, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តស្វាយរៀង, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តស្ទឹងត្រែង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣,៨០០នាក់។

ទី២៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

និងទី៣៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយនៅឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប៦នាក់។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី២នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហឹង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕