(រុស្ស៊ី)៖ តបតាមការអញ្ជើញរបស់ លោក Alexander Konovalov រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហព័ន្ធរុស្ស៊ី លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមវេទិកាអន្តរជាតិលើកទី៩ «Saint Petersburg International Legal Forum» ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤-១៨ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។

អង្គវេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល ចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីអនុវត្តច្បាប់ អ្នកវិនិយោគ តំណាងសមាគមន៍ និងអង្គការអន្តរជាតិ មកពីបណ្តាប្រទេសនានាលើពិភពលោកចំនួន៩៤ប្រទេស។

វេទិកានេះបានផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ ការពង្រឹងយុត្តិធម៌ និងនីតិរដ្ឋ វប្បធម៌ច្បាប់ មជ្ឈិតករ វិនិយោគអន្តរជាតិ ច្បាប់ស្តីពីក្ស័យធន សារការី នីតិឯកជន ការដោះស្រាយវិវាទ និងការអនុវត្តសេចក្តីសម្រេចតុលាការ តាមរយៈប្រព័ន្ធអេឡិចត្រូនិច និងការប្រើប្រាស់សិទ្ធិរដ្ឋប្បវេណី របស់ប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា (Digital Civil Right) ជាអាទិ៍។

ជាពិសេសប្រធានបទទាក់ទងនឹង ការប្រើប្រាស់សិទ្ធិរដ្ឋប្បវេណី របស់ប្រជាពលរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា (Digital Civil Right) ជាប្រធានបទដែលមានការជជែកយ៉ាងខ្លាំង នៅក្នុងវេទិកាអន្តរជាតិ ដើម្បីរួមគ្នារិៈរកវិធានការដោះស្រាយឱ្យទាន់នូវទំនើបកម្ម នៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលកំពុងតែមានការវិវឌ្ឍខ្លាំង គួរឱ្យកត់សម្គាល់៕