(ភ្នំពេញ)៖ ក្រុមហ៊ុន Soheto ដែលបម្រើសេវាផ្នែកថតរូបនៅកម្ពុជា ទើបទទួលបានជោគជ័យក្នុងការរៀបចំ និងថតរូប 2D1N Phoot X-Cursion នៅខេត្តកំពត ក្នុងដំណើរកម្សាន្តរយៈពេល ២ថ្ងៃតាំងពីថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០១៩ ដែលបន្សល់ទុករូបថត ១២សន្លឹកគួរឲ្យទាក់ទាញបំផុត ជាមួយជំនួយការថត ២រូបរួមមាន លោក Thomas Tham និងលោក La Mo។

ជាមួយជំនាញការថតរូប លោក La Mo បានឲ្យដឹងថា «ពួកយើងបានទៅទស្សនកិច្ចនៅកសិដ្ឋានស្រែអំបិល និងសហគមន៍បឹងព្រលិត ដែលជាឱកាសដ៏ល្អសម្រាប់អ្នកថតរូបទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នៃការថតរូបផ្សេងៗពីគ្នា ដោយអ្នកជំនាញ»

លោកថា «កាសអាសធាតុនៅទីនោះ គឺមិនអាក្រក់ពេកនោះទេ ពោលគឺពេលថ្ងៃមិនក្តៅពេកទេ ប៉ុន្តែវាផាសុខភាព។ ពួកយើងបានថតរូបស្អាតៗជាច្រើន នៅបឹងព្រលិតធម្មជាតិក្នុងដំណើរកំសាន្តដ៏ខ្លីនៅទឹកដីខេត្តកំពត។ នៅស្រែអំបិល ពួកយើងពិតជារីករាយខ្លាំងណាស់ ដែលមានឱកាសល្អបានប្រាស្រ័យទាក់ទងគ្នា ជាមួយនឹងកម្មករនៅទីនោះ និងបានសិក្សាពីវិធីសាស្ត្រនានា។ ពួកយើងក៏រីករាយណាស់ដែរ ដែលមានឱកាសបានបរិច្ចាគដល់កសិដ្ឋានស្រែអំបិល និងសហគមន៍បឹងព្រលិតធម្មជាតិ»

គួរជម្រាបថា ក្រុមហ៊ុន Soheto បានបង្ហាញនូវជំហររបស់ខ្លួនថា នឹងបន្តសកម្មភាពបែបនេះតទៀតសម្រាប់សមាគមថតរូបកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកថតរូបទាំងអស់ មានឱកាសទំនាក់ទំនង និងផ្តិតយករូបភាពស្អាតៗជាច្រើនក្នុងទីតាំងផ្សេងៗនៃប្រទេស៕