(កំពង់ធំ)៖ សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ព្រះវិហារ បានរៀបចំចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រៀមបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកនៅថ្ងៃខាងមុខ។

ពិធីនេះបានធ្វើឡើងថាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមវត្តមានលោក ចាន់ ហ៊ុង អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដោយមានបេក្ខជនឈរឈ្មោះចំនួន ០៩រូប។ ពិធីនេះក៏មានការចូលរួមពីសំណាក់អាជ្ញាធរខេត្តកំពង់ធំ និងព្រះវិហារ មន្ទីរ-ស្ថាប័នជុំវិញខេត្តទាំងពីរ ក្រុមអាជីវករ សេវាករប្រមាណ ៤០នាក់ផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ចាន់ ហ៊ុង បានលើកឡើងថា សភាពាណិជ្ជកម្មកំពង់ធំ និងខេត្តព្រះវិហារ គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត ដែលបានទាក់ទាញការវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញសេដ្ឋកិច្ចក្នុងខេត្ត ឱ្យមានដំណើរការបានឆាប់រហ័សបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់បេក្ខជនឈរឈ្នោះទាំងអស់ ឱ្យប្រកាន់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូរ វិនិយោគទាំងឯកជន និងរដ្ឋ ដើម្បីកសាងសេដ្ឋកិច្ចជាតិឱ្យ កាន់តែខ្លាំងក្លា ឆ្ពោះទៅមុខក្រោមម្លប់នៃសន្តិភាព ដែលកម្ពុជា កំពុងតែមាននៅពេលបច្ចុប្បន្ននេះផងដែរ៕