(ភ្នំពេញ)៖ ថ្ងៃទី១៥កើត ខែវិសាខ គឺជាថ្ងៃនៃពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលត្រូវពុទ្ធសាសនិកហៅថា បុណ្យវិសាខបូជា។ វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម។ ព្រឹត្តិការណ៍ធំៗទាំង៣នោះរួមមាន ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ទ្រង់បានត្រាស់ដឹង និងបរិនិព្វាន។

ព្រឹត្តិការណ៍ទាំងបីនេះបានកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែវិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ គ្រប់ប្រទេសទាំងអស់ដែលបានគោរពព្រះពុទ្ធសាសនា នៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី តែងតែប្រារព្ធធ្វើទិវាវិសាខបូជា ហើយដែលពុទ្ធសាសនិកជនទាំងអស់បានប្រារព្ធពិធីនេះជាយូរមកហើយ។

មិនតែប៉ុណ្ណោះពិធីបុណ្យវិសាខបូជា ក៏ត្រូវបានអង្គការសហប្រជាជាតិ បានចាត់ទុកជាប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺអង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសនានានៅលើសកលលោក ដែលគោរពព្រះពុទ្ធសាសនា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ហើយបានដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជា នៃអង្គការសហប្រជាជាតិ។

តើមូលហេតុអ្វីបានជាព្រះពុទ្ធសាសនាអាចធ្វើឲ្យពិធីបុណ្យវិសាខបូជា អាចធ្វើឲ្យអង្គការសហប្រជាតិចាត់ទុកជាពិធិបុណ្យអន្តរជាតិ ភិក្ខុសតិប៉ាលោ សុខ សុភៃ គង់នៅវត្តនិគ្រោធគល់ទទឹងបានបង្ហាញឲ្យដឹងថា...

«ដោយសារគោលការណ៍ពិធីបុណ្យនេះ បើយើងនិយាយទៅមានឈ្មោះថាបុណ្យ តែបើយើងនិយាយពីគោលការណ៍នៃពិធីបុណ្យគឺសំខាន់ខ្លាំងមែនទែន។ តួយ៉ាងដូចជាថ្ងៃព្រះត្រាស់ដឹង គឺជាថ្ងៃនាំមកនូវចំណេះដឹង បញ្ញា ក្នុងការគោលការណ៍ការប្រព្រឹត្តិប្រតិបត្តិ របស់ព្រះមានន័យថាសំខាន់ជាងអ្វីៗទាំងអស់ប្រសិនអ្នក ដែលបានយល់ដឹង ដូច្នេះហើយទើបអង្គការសហប្រជាជាតិ ដែលជាអ្នកចេះដឹងដែរ ហើយការស្រាវជ្រាវបែបវិជ្ជាសាស្រ្ត ប្រៀបធៀបនិងពុទ្ធនិយម វាអាចនិងប្រហាក់ប្រហែលគ្នា ហើយចំណេះដឹងដែលជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនាជួនកាលអ្នកវិទ្យាសាស្រ្តក៏ស្រាវជ្រាវអត់ដឹងដែរ។

ដូច្នេះបានគេឃើញថា ការកើតឡើងនៃព្រះសាមាសម្ពុទ្ធ គឺជាកើតឡើងនៃបុគ្គលដ៏អស្ចារ្យក្នុងលោកពីព្រោះព្រះអង្គ ទ្រង់ជ្រាបនៃអ្វីដែលវិទ្យាសាស្រ្តមិនអាចរកឃើញ ដូចជា ចិត្ត ចេតសិក រូប និព្វាន ដែលមានន័យថាការត្រាស់ដឹងរបស់ព្រះ គឺត្រាស់ដឹងដោយធម្មជាតិ ធម្មជាតិពិតដែលមាននៅក្នុងលោក ដូច្នេះព្រះអង្គទ្រង់បង្ហាញ ប្រាប់ពីការពិតទាំងនេះ។

តាមពិតសាសនាដ៍ទៃមិនមែនមិនមានសារៈសំខាន់ទេ តែព្រះអង្គបានលើកឡើងជាកណ្ដាលថា កាលណាអរិយមគ្គ អង្គទាំង៨មាននៅក្នុងទីណា អ្នកប្រព្រឹត្តទៅតាមអង្គទាំង៨នេះទៅ នោះនិងធ្វើឲ្យអ្នកមានសេចក្ដីសុខ។ ដោយសារតែធម៌របស់ព្រះសមាសម្ពុទ្ធហាក់ដូចជានាំសេចក្ដីសុខ សុភមង្គលដល់ពិភពលោក ទើបអង្គការសហប្រជាជាតិសម្រេចយកពិធីបុណ្យវិសាខបូជាមកបញ្ចូលជាពិធីបុណ្យទូទាំងពិភពលោក»។

ពិតណាស់នៅក្នុងឱកាសពិធីបុណ្យវិសាខបូជា ក្រៅពីថ្ងៃឈប់សម្រាកពីការងាររបស់ប្រជាជនកម្ពុជាគ្រប់វត្តអារាម សុទ្ធសឹងតែប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនេះផងដែរ។ ដែលមានទាំងការរាប់បាត្រ និងការកម្មវិធីសុំសីលជាច្រើនផ្សេងទៀត ក្នុងនោះក៏មានវត្តអារាមខ្លះ បានរៀបចំកម្មវិធីបំបួសរយៈពេលខ្លីសម្រាប់ពុទ្ធបរិស័ទ ដែលចង់សាងផ្នួសរក្សាសីល តែមិនមានពេលច្រើនទៀតផង។

យ៉ាងណាមិញក្នុងនាមជាពុទ្ធបរិស័ទ ភិក្ខុសតិប៉ាលោ សុខ សុភៃ បានណែនាំបន្ថែមទៀតជុំវិញប្រការគួរអនុវត្តរបស់ពុទ្ធបរិស័ទថា៖ «នៅក្នុងថ្ងៃវិសាខបូជានេះអាត្មាយល់ថា គួរតែយកទីវត្តអារាម ជាទីរម្មណីយដ្ឋានសម្រាប់យើងយកទៅកម្សាន្ត ដើម្បីស្វែងរកសេចក្ដីសុខនៅក្នុងផ្លូវចិត្តរបស់យើង ហើយនៅក្នុងថ្ងៃវិសាខបូជានេះ តាមប្រពៃណីខ្មែរយើ បើយល់ល្អយើងស្លៀកពាក់សទាំងអស់គ្នា ដែលសម្ដែងឲ្យឃើញថាពុទ្ធបរិស័ទយើងមានទឹកចិត្តស ចូលរួមក្នុងថ្ងៃវិសាខបូជាហ្នឹងបើសិនជាអាចទៅបានគឺល្អមែនទែន។ រឹតតែល្អទៅទៀតថ្ងៃវិសាខបូជាគួរតែរក្សាសីលទាំងអស់គ្នា ទាំងសីល៥ ឬឧបោសថសីល ទាំងអស់គ្នាមួយថ្ងៃនេះបានទៀតគឺរឹតតែល្អមែនទែន»។

តាមប្រពៃណីពិធីបុណ្យវិសាខបូជា គេតែងតែធ្វើឡើងនាពេលរាត្រី ស្របទៅតាមពពាក្យថា «បុណ្ណមី» ដែលមានសេចក្ដីថា ខែពេញបូរណ៌មី។ ហើយនារាត្រីថ្ងៃវិសាខបូជានេះគេមានអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គសនីឲ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតក៏ដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា បំពេញកុសលកម្ម ដោយសប្បាយរីករាយនាពេលរាត្រីផងដែរ៕