(ភ្នំពេញ)៖ ថ្មីៗនេះ អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានប្រកាសស្វាគមន៍ទទួលយកតំណាងឲ្យកម្ពុជា ជាបេសកកម្មពិសេស របស់អង្គការ OIC ខណៈដែលភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបភ្លាមថា កម្ពុជាក្នុងនាមសម្តេច ជានាយករដ្ឋមន្ត្រី សុំប្រកាសតែងតាំង លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស តំណាងកម្ពុជា ធ្វើជាបេសកជនពិសេសរបស់អង្គការ OIC នេះ។

ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងឱកាសពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនសាសនិកឥស្លាម ជាង៤,៧៥០នាក់ ក្នុងនោះមាន៣៦ ជាតិសាសន៍ ជាមួយវត្តមានតំណាងរបស់ លោកអគ្គលេខាធិការ OIC បានអញ្ជើញចូលរួម និងបានអាននូវសន្ទរកថារបស់ អគ្គលេខាធិការ ដែលបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងបានលើកពីការខិតខំសហការជាមួយកម្ពុជា បណ្តាប្រទេសជាសមាជិក ដើម្បីឲ្យកម្ពុជាបានធ្វើជាអ្នកសង្កេតការណ៍។

គួរជម្រាបថា អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេស ជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក។

អង្គការ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN។ ហើយអង្គការនេះ មានប្រទេសអង្គការ ជាអ្នកសង្កេតការណ៍ចំនួន១២ (Bosnia and Herzegovina, Central African Republic, Kingdom of Thailand, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភា នៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជាជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។ ជាមួយគ្នានេះដែរក៏មានបេសកជនពិសេសជាតំណាងប្រទេស ចំនួន១០ (USA, French, Canada, UK, Sweden, Italy, Germany, Greece,Australia និងNetherlands)។

កន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន៥៦បានគាំទ្រ នៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខាធិការអង្គការ OICផងដែរ។

ថ្លែងក្នុងពិធីទទួលទានអាហារស្រាយបួសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់គ្រប់មន្ទីពេទ្យសាធារណៈ ត្រូវរៀបចំទីតាំងសម្រាប់ថ្វាយបង្គំ ដល់សាសនិកឥស្លាម ដែលមកទទួលសេវាព្យាបាលជំងឺ ឬអ្នកធ្វើការនៅទីនោះ។ លោកអគ្គលេខាធិការ OIC ក៏បានកោតសរសើរកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ពីការធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលត្រូវយកធ្វើជាគំរូដល់បណ្តាប្រទេសខ្លះដែលធ្វើមិនបានល្អ។

គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក នៃអង្គការ OIC មានស្ថានបេសកកម្មជាមួយកម្ពុជា ដែលមាននិវេសនដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន៣២ប្រទេស ក្នុងនោះមាន៦ប្រទេស ដែលមានស្ថានបេសកកម្មនៅទីក្រុងភ្នំពេញ (BRUNEI , INDONESIA, MALAYSIA, PAKISTAN, KUWAIT, និង TURKEY)៕