(តាកែវ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានរៀបចំកម្មវិធីមនុស្សធម៌ នឹងពិធីថ្វាយព្រះពរព្រះមហាក្សត្រនៅស្រុកត្រាំកក់ខេត្តតាកែវ ក្រោមការអញ្ចើញចូលរួមពីលោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាលេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្ត នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាលេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្ត នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៌ថាក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងក្នុងនាមសម្តេចព្រះមង្គលទេព្វាចារ្យវង្ស អានេតា ព្រះប្រធានក្រុមការងារមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងថ្វាយព្រះពរដល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អប់រំអោយប្រជាជនជាពិសេសយុវជនឲ្យមានស្មារតីស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ ផ្តល់ស្នាមញញឹម ក្តីស្រលាញ់ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងលោកយាយ លោកតាចាស់ជរា ផ្តល់កាដូជីវិត ឱកាសសិក្សាឥតបង់ថ្លៃ៤ឆ្នាំនៅ សាកលវិទ្យាល័យព្រះសីហមុនីរាជា ដល់សិស្សនៅឃុំត្រពាំងធំខាងត្បូង ទូទាំងស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងការពិសារអាហារសាមគ្គី ព្រមទាំងចែកអំណោយជាសៀវភៅសិក្សា ប៊ិច និងសម្ភារៈផ្សេងៗ ប្រេងកូឡា រួមថវិកាមួយចំនួនដល់អ្នកចូលរួមប្រមាណជា៥០០នាក់។

នៅក្នុងឪកាសនោះផងដែរលោក ងួន ស្តេចភក្តី បានពាំនាំនូវព្រះបន្តូលសួរសុខទុក្ខពីសំណាក់ សម្តេចព្រះអភិរីមហាសង្ឃរាជ ដែលព្រះអង្គបានយកព្រះទ័យនឹករលឹកដល់បងប្អូនកូនចៅទាំងអស់ ហើយសូមអោយកូនចៅទាំងអស់ចេះសាមគ្គីគ្នា ស្រលាញ់គ្នា និងរួបរួមគ្នាក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមតំបូលសុខសន្តិភាពរបស់រាជរដ្ឋាភិបាល និងប្រទានពរអោយកូនចៅទាំងអស់មានសុខភាពល្អ និងទទួលបានសេចក្តីសុខ សេចក្តីចម្រើនជាដ៏រាប។

គួរបញ្ជាក់ថាក្រុមការងារមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រឹះផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋខ្មែរទូទាំប្រទេស ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ព្រមទាំងផ្តល់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់យុវជន យុវនារី ទាំងអស់អោយទទួលបានចំណេះដឹង ដើម្បីអភិវឌ្ឍន៌ខ្លួនឯង និងសង្គមជាតិ៕