(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តចន្ទសុវណ្ណមុនីរាម ហៅវត្តជាំខ្យង ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយាយជីតាជីយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ការរីកចម្រើនវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវពឹងផ្អែកលើកត្តាសន្តិសុខ ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គមចាំបាច់ជាចម្បង ដែលមិនអាចខ្វះបាន ជាក់ស្តែងសមិទ្ធិផលនានាដែលសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញស្រាប់ ក៍ដូចជាបន្តកសាងជាបន្តបន្ទាប់ទៀត។

លោកថ្លែងគូសបញ្ជាក់ថា បើសិនប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។
លោកបន្តថា កត្តាដែលប្រទេសជាតិមានសុខសន្តិភាព ពិតជាមានតម្លៃណាស់សម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាកម្ពុជាផងដែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការបោះជំហានអភិវឌ្ឍបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានជំនឿ និងបន្តគាំទ្រសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ ដើម្បីបន្តបញ្ជាចង្កូតនាវាកម្ពុជា រុញឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត៕