(តាកែវ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានរៀបចំកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិនិត្យទីតាំងភូមិសាស្រ្ត បរិវេនជុំវិញ និងស្តង់តាំងផលិតផលក្នុងខេត្ត ដែលត្រូវប្រារព្ធពិធី «ច្រត់ព្រះនង្គ័ល» ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» នឹងធ្វើឡើងនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» បានប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង។

ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ដែលជាព្រះប្រវេណីរបស់ព្រះមហាក្សត្រផង ហើយក៏ដើម្បីជាការប្រកាសប្រកាសប្រាប់ប្រជាពលរដ្ឋថា រដូវវស្សាបានឈានចូលមកដល់ និងជាការផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីដើមឡើយ រៀបចំធ្វើឡើងតែនៅវាលព្រះមេរុ ក្បែព្រះបរមរាជវាំងតែប៉ុណ្ណោះ តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីតែងបានប្រារព្ធធ្វើឡើង នៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តបានចូលរួម និងស្វែងយល់ពីព្រះរាជពិធីមួយនេះ៕