(ភ្នំពេញ)៖ ដើម្បីចង់ដឹងពីសុខទុក្ខរបស់មារតូចតាមម្តាយ ស្ត្រីមានផ្ទៃពោះ និងអនីតិជន ដែលកំពុងតែស្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែនោះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ, តំណាងកាកបាទក្រហមកម្ពុជា និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការគ្នាចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ កុមារតូចៗតាមម្តាយ ស្ត្រីមានផ្ទៃពោះ និងអនីតិជន ដែលកំពង់ស្នាក់នៅមណ្ឌលអប់រំកែប្រែទី២ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចុះសំណេះសំណាលនេះ ដឹកនាំដោយលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ, លោកស្រី ឆាំ ម៉ារី អគ្គនាយិការគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិការង នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រី ញ៉េប សុភាព ក៏បានដាស់តឿនដល់នារី ដែលជាប់ឃុំខ្លួន នៅក្នុងមណ្ឌលអប់រំទាំងអស់ត្រូវខិតខំកែប្រែខ្លួន បន្ទាប់ពីអនុវត្តន៍ទោសរួចរាល់ត្រូវធ្វើជាមនុស្សល្អ នៅក្នុងសង្គម ដើម្បីជាម្លប់ដល់កូនៗទាំងអស់ និងជាពិសេសផ្តល់ឱកាសសម្រាប់ឱ្យកូនតូចទាំងនេះ បានចូលសិក្សាដូចកុមារដទៃផ្សេងទៀតផងដែរ។

លោកស្រីក៏បានបន្ថែមទៀតថា តាមរយៈការអប់រំកែប្រែចិត្តនេះហើយ នឹងផ្តល់ឱកាសដល់កូនៗរបស់ពួកគាត់បានទៅសិក្សានៅសាលាខាងក្រៅ តាមរយៈក្រុមការងារជួយកុមាររបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៅតាមមណ្ឌលកុមារកំព្រា ឬអង្គការនានា ដើម្បីទទួលបានការអប់រំ ថែទាំ និងការបណ្តោះបណ្តាលលើជំនាញផ្សេងៗផងដែរ។

មុននឹងបញ្ចប់ដំណើរសាកសួរសុខទុក្ខតំណាងស្ថាប័នទាំង៣ ក៏បានដាស់តឿនដល់ស្ត្រី ដែលជាប់ឃុំខ្លួនទាំងអស់ត្រូវខិតខំអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុង របស់មណ្ឌលអប់រំកែប្រែ ព្យាយាមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិជាដើម ជាពិសេសត្រូវខិតខំសិក្សាចំណេះ និងជំនាញដែលមានក្នុងវគ្គបណ្តុះបណ្តាល នានានៅមណ្ឌអប់រំនេះដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងនិងគ្រួសារផ្ទាល់ ៕