(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស្ថាប័នជំនាញជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបំបួសសាមណេរ និងសីលវតី ចំនួន២០០អង្គ/នាក់ នៅវត្តសាមគ្គីគិរីសំរឹទ្ធ (វត្តសាលាក្រៅថ្មី) ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ពិធីបំបួសកុលបុត្រកុលធីតានេះ មានសារសំខាន់ក្នុងការអប់រំផ្លូវចិត្ត ធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរ យល់ដឹងពីបាបបុណ្យអំពើជាកុសល និងមានធម៌ខន្តីយោគយល់អនុគ្រោះដល់មនុស្សផងគ្នា ដោយប្រកាន់ខ្ជាប់តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាពិសេសដើម្បីបំពេញបំណង ដល់កូនចៅដែលចង់តបស្នងសងគុណមាតាបិតារបស់ខ្លួន។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «បើគ្មានសន្តិភាព គ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរ គឺទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើង ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួនលើសកលលោកនោះទេ គឺប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើសាសនាណាក៏បាន ឲ្យតែខ្លួនពេញចិត្ត និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»

បើតាមការបញ្ជាក់របស់ព្រះគ្រូ អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានមានសង្ឃដីកាឱ្យដឹងថា នៅឆ្នាំនេះសាលាគណគណៈមហានិកាយខេត្តប៉ៃលិន បានសហការជាមួយវត្តសាមគ្គីគិរីសំរឹទ្ធ រៀបចំពិធីបំបួសកុលបុត្រខ្មែរ ជាសាមណេរ និងសីលវតី ចំនួន២០០អង្គ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ហើយការបំបួសនេះ មានគោលបំណងចំនួន។

ព្រះអង្គបញ្ជាក់ថា គោលបំណងទី១៖ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងថ្ងៃបុណ្យចំរើនព្រះជន្មរបស់ព្រះអង្គ៦៦ យាងចូល៦៧ព្រះវស្សា និងទី២៖ ដើម្បីបញ្ជ្រាបដល់យុវជន យុវនារីខ្មែរឲ្យស្គាល់តម្លៃនៃទ្រឹស្តីអប់រំ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ៕