(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់ ត្រូវចូលរួមឲ្យបានផលផុស ក្នុងការបរិច្ចាគទាន និងកសាងផលកុល្យផ្សេងៗឲ្យកាន់តែច្រើន ក្នុងខែពិសិដ្ឋរបស់ឥស្លាមរ៉ាម៉ាឌន ព្រោះខែនេះការបរិច្ចាកទាន ពិតជាមានសារសំខាន់ ដល់សហគមន៍ គ្រួសារអ្នកខ្វះខាត និងរាល់អំពើកុសល្យផ្សេងៗ នឹងទទួលបានផលបុណ្យច្រើនជាងខែនានា។

ថ្លែងបែបនេះរបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានជួបសំណេះសំណាល និងនាំអំណោយកញ្ចប់គ្រឿងឧបភោគបរិភោគ ជូនដល់សាសនិកឥស្លាម៧៥០គ្រួសារ ក្នុងនោះ២៥០គ្រួសារ ជូនបងប្អូននៅសង្កាត់ព្រែកប្រា និង៥០០គ្រួសារ ជូនបងប្អូននៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមជម្រាបថា កញ្ចប់គ្រឿងទេស គ្រឿងឧបភោគ បរិភោគទាំងនេះ ជាការសហការឧបត្ថម្ភរបស់សប្បុរសជនមួយចំនួន រួមមាន ក្រុមហ៊ុនទេសចរណ៍ យូណេសធួរ ក្រុមហ៊ុនសាលីកាត្រេឌីង ក្រុមហ៊ុន ណាសាខូសមេតិក និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ៕