(ព្រះសីហនុ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមលោក ប៊ុន ចំរើន ប្រធានកាំកុងត្រូលស្តីទីសាខាខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបន្តថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ស្ពៃជ្រក់ ជ្រក់ត្រសក់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។

លោកប្រធានស្តីទីបានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញរបស់លោក ពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ នៅលើផលិតផលម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ ទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ ខូចគុណភាពហួសកាលបរិច្ឆេទនោះទេ។

នៅក្នុងប្រតិបត្តិការនេះ លោក នៅ តុន អនុប្រធានសាខាក៏បានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕