(ព្រះវិហារ)៖ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរសរុប១៩,១៥៦នាក់ មានការកើនឡើង៣៤.៥៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅនេះ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ លោក គង់ វិបុល បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរជាតិ១៨,៧៥៧នាក់ មានការកើនឡើង៣៦.៦០% ចំណែកភ្ញៀវទេសចរអន្តរជាតិមានចំនួន ៣៩៩នាក់ថយចុះ ២១.១៤%។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បន្តថា ទីតាំងទេសចរណ៍ដែលភ្ញៀវទេសចរ តែងតែទៅលេងកំសាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុងស្រុកគូលែន ទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែបជាដើម។

ជាការកត់សម្គាល់ ចំនួនភ្ញៀវទេសចរតាមរមណីយដ្ឋាននានា មានការកើនឡើងច្រើនយ៉ាងដូច្នេះ ដោយសារថ្ងៃឈប់សម្រាក បូករួមទាំងថ្ងៃសម្រាកចុងសប្តាហ៍មានរយៈពេល៥ថ្ងៃ និងម្យ៉ាងទៀត អាកាសធាតុមានលក្ខណៈអំណោយផលល្អ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋានចរនាសម្ព័ន្ធមានលក្ខណៈល្អប្រសើរផងដែរ៕