(ភ្នំពេញ)៖ ក្នុងពិធីប្រគល់ទទួលឧបករណ៍វេជ្ជសាស្រ្ត ជាអំណោយ របស់លោក JOHN G RICCE ដល់មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា អនាគតទៅផ្នែកប្រពោធនកម្មទារក នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីពង្រីកវិសាលភាពរបស់ខ្លួន ជាបណ្តើរៗបន្ថែម នឹងក្លាយទៅជាមជ្ឈមណ្ឌលបង្អែកមួយកាន់តែធំ ក្នុងការជួយជីវិតទារកទើបសម្រាល កាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្ដទៀតថា ជាថ្មីម្តងទៀតមន្ទីរពេទ្យកាល់ម៉ែត មានកិត្តិយសបំផុត បានរៀបចំពិធី ប្រគល់ទទួលឧបករណ៍វេជ្ជសាស្រ្ត ជាអំណោយ របស់ លោក JOHN G RICE និងលោកស្រី ដែលបានជូនដល់ផ្នែកប្រពោធនកម្មទារក នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកក៏សូមថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានលើកឡើងដោយ ប្រធានផ្នែកប្រពោធនកម្មទារក និងមតិចាប់អារណ៍របស់លោក JOHN G RICE ពីការអភិវឌ្ឍក្នុងគោលដៅ ឲ្យកាន់តែល្អប្រសើរ និងកាន់តែមានគុណភាពកម្រិតខ្ពស់ លើជំនាញសង្គ្រោះ ទារកទើប សម្រាល។ ព្រោះឧបករណ៍វេជ្ជសាស្រ្តដ៏មានតម្លៃនេះ នឹងផ្តល់ជូននូវគុណប្រយោជន៍បន្ថែមដ៏ច្រើន លើសលប់ សម្រាប់ជួយសង្រ្គោះជីវិតទារក ដែលទើបនឹងកើតមកហើយមានបញ្ហា។

លោកអគ្គនាយកមន្ទីរពេទ្យ បានសង្ឃឹមថា ទៅអនាគត ផ្នែកប្រពោធនកម្មទារកនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពី ពង្រីកវិសាលភាពរបស់ខ្លួន ជាបណ្តើរៗបន្ថែម នឹងក្លាយទៅជាមជ្ឈមណ្ឌលបង្អែកមួយ កាន់តែធំជួយ ជីវិតទារកទើបសម្រាល កាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម កាត់បន្ថយភាពក្រីក្រ ដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សុខាភិបាល ស្របតាមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់ថា បន្ទប់ CHRISTOPHER’S HOPE នៅជាន់ទី១ អគារសម្ភពសន្តិភាព នឹងក្លាយទៅជាឈ្មោះបន្ទប់ ដែលមានលក្ខណៈល្អប្រណីត អនាម័យ សង្រ្គោះទារកប្រកបដោយ គុណភាព និងប្រសិទ្ធភាពកម្រិតខ្ពស់ សម្រាប់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះដែរ លោក JOHN G. RICCE បានលើកឡើងថា អំណោយដែលលោក និងភរិយា យកមកប្រគល់ជូនមនី្ទរពេទ្យថ្ងៃនេះ គឺជាអំណោយដែលថ្លែងអំណរគុណ ជូនដល់មនី្ទរពេទ្យកាល់ម៉ែត ដែលមនី្ទរពេទ្យបានធ្វើកិច្ចការប្រកបដោយសមិទ្ធផលធំធេង សម្រាប់ប្រទេសកម្ពុជា ហើយអំណោយនេះ ក៏ជួយដល់ជីវិតរបស់ទារក និងកុមារកម្ពុជាដ៏ច្រើនលើសលប់ ដែលកំពុងប្រឈមជាមួយនឹងបញ្ហាអាយុជីវិត។

បើតាមលោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ ប្រធានផ្នែកប្រពោធនកម្មទារក នៃមនី្ទរពេទ្យកាល់ម៉ែតថា បេសកកម្មរបស់យើង គឺផ្តល់ជូននូវស្តង់ដារថែទាំទារកកើតមិនគ្រប់ខែ និងទារកធម្មតា ព្រមជាមួយនិងផ្តល់ជូន នូវនិរន្តភាពការអភិវឌ្ឍន៍វិជ្ជាជីវៈដល់គិលានុបដ្ឋាកយិកា និងគ្រូពេទ្យ រួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពលើជំនាញ ការបណ្តុះបណ្តាលគោលការណ៍ណែនាំ និងពិធីសាឯកទេស។

លោកស្រីថា ដូច្នេះហើយផ្នែកប្រពោធនកម្មទារក បានក្លាយជាមជ្ឈមណ្ឌលអប់រំ និងស្រាវជ្រាវនាំមុខគេ សម្រាប់និសិ្សតវេជ្ជសាស្រ្ត។ ជារួមទស្សនៈវិស័យរបស់យើង គឺធ្វើជាផ្នែកប្រពោធនកម្មទារកឆ្នើមបំផុត ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នផ្នែកប្រពោធនកម្មទារក ត្រូវបានបំពាក់នូវ គែសម្រាកព្យាបាលចំនួន១៨គ្រែ ជាមួយគ្រូពេទ្យឯកទេសរោគទារកចំនួន៩រូប និងគិលានុបដ្ឋាកយិកាជំនាញចំនួន៣៨រូប។

គ្រូពេទ្យឯកទេសទាំងអស់សុទ្ធតែ បានទទួលការបណ្តុះបណ្តាលជោគជ័យពីប្រទេសបារាំងជំនាញទារកវិទ្យា ហើយគិលានុបដ្ឋាកយិកាទាំងអស់ ទទួលបានការបណ្តុះបណ្តាលជាប់ជាប្រចាំពីក្រុមប្រពោធនកម្មប្រទេសបារាំង និងសឹង្ហបុរី បន្ថែមលើវិជ្ជាជីវៈដែលពួកគេមានស្រាប់ពីសាលាថែទាំវេជ្ជសាស្រ្ត៕