(ភ្នំពេញ)៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងព្រះរាជសុន្ទរកថា ក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលផ្តួចផ្តើមបង្កើតឡើងដោយ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នារដ្ឋធានីប៉េកាំង វេលាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទសនានាជាច្រើនផងដែរ។

តាមរយៈព្រះរាជសុន្ទរកថា ដ៏មានអត្ថន័យនាឱកាសនោះ ព្រះមហាក្សត្រនៃកម្ពុជា វាយតម្លៃខ្ពស់ប្រកបដោយការជឿជាក់ថា លទ្ធផលដែលទទួលបានពី វេទិកាអរិយធម៌អាស៊ីលើកទី១នេះ នឹងរួមវិភាគទានយ៉ាងធំធេងប្រកបដោយប្រសិទ្ធភាព និងការជំរុញឲ្យមានទំនាក់ទំនងល្អរវាងប្រជាជាតិ នៅអាស៊ីនាសម័យបច្ចុប្បន្ន ពូនជ្រុំការយោគយល់គ្នា ក្នុងតំបន់កាន់តែជ្រាលជ្រៅ និងលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងសន្តិភាព ភាតរភាព និងស្រឡាញ់គ្នាកាន់តែប្រសើរឡើង។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំងឡាយនៅអាស៊ី ដែលបានទទួលពន្លឺព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា នៅក្នុងយុគសម័យដំបូងនៃប្រវត្តិសាស្ត្ររបស់ខ្លួន និងធ្លាប់បានដើរតួជាទីជំនួបរវាងអង្គទូតឥណ្ឌា និងអ្នកការទូត ពាណិជ្ជករចិន អស់រយៈពេលច្រើនសតវត្សរ៍។ ទំនាក់ទំនងនេះ បានរួមវិភាគទានយ៉ាងធំមហិមាដល់ការរីកចម្រើនយ៉ាងសម្បើម នៃវប្បធម៌ខ្មែររហូតបង្កើតបាននូវអរិយធម៌អង្គរដ៏ល្បីល្បាញ អស្ចារ្យលើលោក។

បើតាមព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ប្រជាជាតិទាំងឡាយនៅអាស៊ី សុទ្ធតែមានវប្បធម៌ជាអត្តសញ្ញាណជាតិ ដោយឡែករបស់ខ្លួន និងមានប្រជាជាតិមួយចំនួន បានកសាងអរិយធម៌មានចំណាស់ជាច្រើន សតវត្សរ៍មកដល់សព្វថ្ងៃ។

ពិតតែវប្បធម៌ សាសនា និងអរិយធម៌ នៃបណ្តាប្រទេសនៅអាស៊ីមានចរិតលក្ខណៈខុសប្លែកគ្នា ប៉ុន្តែកំពុងមានលក្ខណៈស្រដៀងគ្នា ប្រហាក់ប្រហែលគ្នា ព្រមទាំងមានពណ៌សម្បុរទូទៅមួយ ជាលក្ខណៈរួមអាចសម្គាល់ថា ជាអរិយធម៌របស់អាស៊ី ជាអរិយធម៌នៃប្រទេសជាតិ ដែលចេះយោគយល់គ្នា រស់នៅក្នុងមហាទ្វីបដែលសម្បូរទៅដោយធនធាន និងគតិបណ្ឌិត និងជាទីនៃកំណើតនៃអ្នកបង្កើតសាសនាចម្បងៗក្នុងលោក។

លើសពីនេះ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានគូសរំលេចថា បច្ចុប្បន្ននេះសាកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើនជឿនលឿន ខាងផ្នែកវិទ្យាសាស្ត្រ និងសម្ភារៈដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារ ក្នុងជីវភាពសង្គមក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ផងដែរ។ ភាពអន់ថយ នៃសីលធម៌ និងគុណធម៌សង្គមនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព នៃវប្បធម៌ និងចេរភាពរបស់សង្គមមនុស្សទៅថ្ងៃអនាគត។

នៅក្នុងបរិបទនេះ កិច្ចការសំខាន់នៅចំពោះមុខត្រូវពង្រឹងស្មារតីទទួលខុសត្រូវ រួមចំពោះអនាគតរបស់អាស៊ី និងមនុស្សជាតិតាមរយៈការគោរពគ្នាទៅវិញទៅមក ដោយស្មោះត្រង់នឹងគ្នា និងការស្វែងយល់ពីគ្នាកាន់តែជិតស្និទ្ធ ការគាំទ្រខាងស្មារតី និងបង្កឲ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់ពីគ្នា និងរៀនសូត្រពីគ្នា ទៅវិញទៅមកកាន់តែទូលំទូលាយ ដែលធ្វើឲ្យមានការទុកចិត្តគ្នាកាន់តែប្រសើរឡើង និងពង្រឹងសហប្រតិបត្តិការដោយស្មោះត្រង់នឹងគ្នា និងឯកភាពគ្នា ក្នុងកិច្ចអភិវឌ្ឍន៍នៅអាស៊ីឲ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយការបង្កើតថ្មីប្លែកៗដូចដែលបានលើកឡើងក្នុងស្មារតីនៃវេទិកាស្រាប់។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណា។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ព្រះមហាក្សត្រ សូមកោតសរសើរប្រធានាធិបតី ដែលបានផ្តួចផ្តើមសហគមន៍វាសនារួមរបស់មនុស្សជាតិ ដែលជាឧត្តមគតិ និងមនសិការគិតគូរដល់ការកសាងសហគមន៍វាសនារួម រវាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនតូចធំ និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាអរិយប្រទេសមានវីរភាព ប្រកបដោយភាពទន់ភ្លន់ គួរឲ្យគោរព និងកោតសរសើរខ្ពង់ខ្ពស់៕